ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលធ្វេីការឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលធ្វេីការសាកសួរបន្ទាប់ខឹងអ្នកជិតខាងស្តីថាណែនាំរឿងដដែលៗ ក៏ស្ទុះវឹងទាញបានមួកសុវត្ថិភាព វាយបែកក្បាលហូរឈាម កាលពីកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនដៃដល់សមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ចាន់ សុខុម អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូកង់បី រស់នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ ជាអ្នកជិតខាងផ្ទះជាប់គ្នា ឈ្មោះពៅ គឹមឡាង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មករដឹកនំបុ័ង ត្រូវបានក្រុមគ្រួសារនាំយកទៅពេទ្យ ដេរ៥ថ្នេរ ។
តាមសម្តីជនបង្កបានសារភាពថា ខ្លួនពិតជាវាយលើអ្នកជិតខាងបណ្តាលឲ្យរងរបួសមែន ហើយមុនកើតហេតុ ជនរងគ្រោះ ចេះតែនិយាយពាក្យដដែលៗ ថាខ្លួនមិនចេះជួយការងារគ្រួសារ ប្រាប់ថាឲ្យឈប់និយាយ តែជនរងគ្រោះនៅតែនិយាយដដែល ទើបអត់ទ្រាំមិនបាន ទាញមួកសុវត្ថិភាពវាយលើក្បាលជនរងគ្រោះ បណ្តាលឲ្យបែកហូរឈាម ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅពេទ្យ ចំណែកជនបង្កត្រូវបានសមត្ថកិច្ចនាំចូលប៉ុស្តិ៍នគរបាល ធ្វេីការសាកសួរបន្ត៕ដោយ៖សុខាសែនជ័យ