ខេត្តកែប៖ ក្នុងឱកាសដឹកនាំមន្ត្រីរាជការខេត្តកែប ចុះសួរសុខទុក្ខព្រឹទ្ធាចារ្យចំនួនបីរូប គឺព្រឹទ្ធាចារ្យ អាន ហេ អតីតអភិបាលរងទីមួយក្រុងកែប , ព្រឹទ្ធាចារ្យ នេត ហួន អតីតអភិបារងទីបីក្រុងកែប , ព្រឹទ្ធាចារ្យ នុត លន អតីតប្រធានសាខាពន្ធដាក្រុងកែប នៅគេហដ្ឋានរបស់ព្រឹទ្ធាចារ្យ ទាំងបី នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានសំដែងនូវកត្តញ្ញូតាធម៌ និងដឹងគុណចំពោះ ព្រឹទ្ធាចារ្យ ទាំងបីរូប ដែលបានបង្កើតធនធាន ស្នាដៃ ដ៏មានសារៈប្រយោជន៍ និងជាគម្រូដ៏ល្អ ក្នុងការផ្តល់ចំណេះដឹង ចំណេះធ្វើ មេរៀន និងបទពិសោធន៍ដឹកនាំ យ៉ាងច្រើនដល់មន្ត្រីរាជការ និងថ្នាក់ដឹកនាំខេត្តកែប ក៏ដូចជា សម្រាប់មនុស្សជំនាន់ក្រោយ។
នាឱកាសនោះ លោកអភិបាលខេត្ត ដំកល់ទុកថា មនុស្សចាស់ ជាបណ្ណាល័យរស់ ដែលបានផ្តល់ការអប់រំ ដំបូន្មាន និងបទពិសោធន៍ល្អៗសម្រាប់យុវវ័យជំនាន់ថ្មី ហើយមនុស្សចាស់ ក៏ជាធនធានដ៏សំខាន់បានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យបានរីកចម្រើនផងដែរ។ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា ពេលនេះជារដូវភ្ជុំបិណ្ឌ ជាប្រពៃណីដែល កូនចៅជំនាន់ក្រោយ របស់យេីងផ្តោតការយកចិត្តទុកដាក់តបស្នងសងគុណចំពោះ មាតាបីតា ជីដូនជីតា ក៏ដូចជាគ្រូបាធ្យាយ ហើយព្រឹទ្ធាចារ្យទាំងបី ចាត់ទុកដូច ជីដូនជីតា សម្រាប់មន្ត្រីរាជការខេត្តកែប ដែលតែងអប់រំទូន្មាន តម្រង់ទិស បង្ហាញផ្លូវ ក្នុងការអនុវត្តការងារដឹកនាំខេត្តកែប ឆ្ពោះទៅរកការរីកចម្រើនថែមទៀត ហើយការយកចិត្តទុកដាក់ប្រត្តិបត្តិចំពោះចាស់ព្រឹទ្ធាចារ្យ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តកែប នាឱកាសពេលនេះ ក៏ជាគម្រូល្អមួយ សម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត និងជាប្រពៃណីដ៏ផូរផង់ និងការលើកកម្ពស់សីលធម៌សង្គមយើង ឱ្យកាន់តែថ្កើនថ្កាលថែមទៀត។
គួរបញ្ជាក់ថា ក្រោយពីជូននូវវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួន ជូនដល់ព្រឹទ្ធាចារ្យទាំងបីរូប នាឱកាសនោះ លោកប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្ត ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយផ្តល់ពរជ័យ សូមព្រឹទ្ធាចារ្យទាំងបីរូប មានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីជាប្រទីបបំភ្លឺផ្លូវ និងជាស្រែបុណ្យសម្រាប់កូនចៅជំនាន់ក្រោយ៕ ដោយ៖សហការី