រដ្ឋមន្ត្រីទេសចរណ៍៖ កម្ពុជាកំពុងរៀបចំគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្តោងអន្តរជាតិ និងវេទិកាទេសចរណ៍អាស៊ាន

ចែករំលែក៖

ភ្នំពេញ៖ នេះបេី​យោង​តាមប្រភពព័ត៌មានពី​ក្រសួងទេសចរណ៍​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០២​ ខែតុលា​ ឆ្នាំ​២០២១នេះ​ថា៖​ ដោយ​អនុវត្តតាមការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា​ បាននិងកំពុងត្រៀមរៀបចំគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ដើម្បីទទួលរៀបចំព្រឹត្តិការណ៍ប្រណាំងទូកក្តោងអន្តរជាតិ ដែលនឹងត្រូវរៀបចំឡើងនៅខែធ្នូ ចុងឆ្នាំ២០២១ និងវេទិកាទេសចរណ៍អាស៊ាន ដែលនឹងត្រូវរៀបចំឡើងនៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

ប្រភពដដែល​ បន្តថា​ ការត្រៀមរៀបចំព្រឹត្តិការណ៍អន្តរជាតិទាំងពីរនេះ ត្រូវបានបញ្ជាក់ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការត្រៀមអនុវត្តផែនការយុទ្ធសាស្ត្រទទួលទេសចរណ៍សុវត្ថិភាព នាថ្ងៃទី០១ ខែតុលាម្សិលមិញនេះ តាមប្រព័ន្ធវីដេអូពីចម្ងាយ។

បេី​តាមលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ការប្រជុំផ្សព្វផ្សាយការត្រៀមរៀបចំ «គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង ក៏ស្របទៅនឹងយុទ្ធសាស្ត្រត្រៀមរៀបចំបើកទទួលទេសចរណ៍សុវត្ថិភាព (ចាកវ៉ាក់សាំង) នាពេលឆាប់ៗខាងមុខនេះផងដែរ។

ដោយឡែក​លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្ដេជ្ញាថានឹងខិតខំជំរុញការអនុវត្តស្ដង់ដាបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីធានាដល់ការរៀបចំព្រិត្តិការណ៍ទាំងពីរខាងលើ ក៏ដូចជាដល់ការត្រៀមបើកទេសចរណ៍អន្តរជាតិឡើងវិញនាពេលខាងមុខនេះ។

លោកអភិបាលខេត្ត​ ក៏បានស្នើជំរុញឱ្យមន្ត្រីជំនាញនៃក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ចូលរួមបណ្ដុះបណ្ដាលដល់ម្ចាស់មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍លើវិធានសុវត្ថិភាពផ្សេង ពិសេសគឺដើម្បីឱ្យពួកគាត់ចូលរួមអនុវត្តស្ដង់ដាបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីឱ្យបានហ្មត់ចត់ ដើម្បីធានាជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតងនេះ។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានសង្កត់ធ្ងន់ថា៖ ការរៀបចំត្រៀមខ្លួនទាំងអស់នេះ គឺជាផ្នែកមួយនៃការត្រៀមលក្ខណសម្បត្តិឆ្លើយតបនឹងការបើកទទួលទេសចរណ៍សុវត្ថិភាព និងបៃតងឡើងវិញ។ ទាំងនេះក៏ជាការប្រកួតប្រជែង ការដាក់ចេញវិធានការសុវត្ថិភាពគឺជាកត្តាចម្បង។ លោកថា «ប្រសិនបើធ្វើបានល្អ នឹងទាក់ទាញភ្ញៀវកាន់តែច្រើន»។

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រី​ បានថ្លែងកោតសរសើរថា ការជ្រើសរើសយកក្រុងព្រះសីហនុ ជាទីកន្លែងរៀបចំព្រឹត្តិការណ៍ធំៗទាំងពីរនេះ ដោយហេតុថា ខេត្តនេះមានការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ និងសម្បទាទេសចរណ៍យ៉ាងល្អ មានព្រលានយន្តហោះអន្តរជាតិ ដែលសម្រួលការធ្វើដំណើរដល់គណៈប្រតិភូ។ ម្យ៉ាងទៀត ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិកបម្រើការក្នុងសេវាកម្មទេចរណ៍នៅខេត្តព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរបរទេសផ្ទៃក្នុង ក៏បានប្រព្រឹត្តទៅលើសផែនការទៅទៀត គឺពិតជាប្រសើរខ្លាំងណាស់។

គួរបញ្ជាក់ថា​ ត្រង់ចំណុចនេះដែរ លោក គួច ចំរើន ក៏បានអះអាងថា៖​ ក្រោមការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មកដល់ពេលនេះ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវបរទេសផ្ទៃក្នុងដែលមានអាយុចាប់ពី ៦ ឆ្នាំឡើងទៅ បានទទួលការចាក់វ៉ាក់សាំងលើសផែនការ គឺរហូតដល់ ១០០.៣០% នៃប្រជាពលរដ្ឋសរុបក្នុងខេត្តឯណោះ ក្នុងនោះមានទាំងព្រលរដ្ឋដែលរស់នៅក្នុងខេត្ត ជនបរទេសដែលស្នាក់នៅក្នុងខេត្ត ព្រមទាំងពលរដ្ឋនៅក្រៅខេត្តមួយចំនួនផងដែរ៕ ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print