ខេត្តព្រះសីហនុ, រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា, នៅ យប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការជួយសង្រ្គោះជនរងគ្រោះដែលបានលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថាជនរងគ្រោះ ដែលបានចុះលេងទឹកសមុទ្រ និងបានលង់ទឹកនៅទីតាំងខាងលើមានចំនួន០៥នាក់ គិតត្រឹមម៉ោង២១យប់ ក្រុមសង្រ្គោះរបស់យើងបានស្រង់មនុស្សបានចំនួន០៤នាក់ក្នុងនោះមាន០១នាក់សង្រ្គោះបាន និង០៣នាក់បានស្លាប់បាត់បង់ជីវិត ហើយនៅសល់០១នាក់ទៀតនៅបាត់ខ្លួន នៅឡើយ ហើយក្រុមសង្គ្រោះកំពុងមុជទឹកស្វែងរកបន្ត។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានដាក់បទបញ្ជាឱ្យក្រុមជួយសង្រ្គោះប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបន្តស្វែងរកជនរងគ្រោះដែលកំពុងបាត់ខ្លួនឱ្យបានឃើញ។
សូមជម្រាបជូនថា គិតត្រឹមម៉ោងនេះ ប្រតិបត្តិការនៃការស្វែងរកជនគ្រោះមិនទាន់បញ្ចប់នៅឡើយទេ៕
ដោយ, សិលា