លោក ប្រាក់ សុខុន ជួបសន្ទនាជាមួយ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី តាមទូរស័ព្ទនៅព្រឹកមិញ

ចែករំលែក៖

ភ្នំពេញ,នៅល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា, ខ្ញុំបានជួបសន្ទនាជាមួយ លោកស្រី ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី តាមទូរស័ព្ទនៅព្រឹកនេះ។

លោកបន្តថា, យើងបានពិភាក្សាអំពីបញ្ហាមួយចំនួន រួមទាំងភាពជាដៃគូសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅថា «AUKUS»។

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, លោកស្រី បានជម្រាបខ្ញុំថា AUKUS មានបំណងលើកកម្ពស់សន្តិភាព និងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយនឹងគោរពមជ្ឈភាពរបស់អាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ ខ្ញុំក៏បានតបថាកម្ពុជាតែងតែស្វាគមន៍រាល់គំនិតផ្តួចផ្តើមណាដែលផ្តល់ផលប្រយោជន៍រួម ហើយសង្ឃឹមថាគំនិតផ្តួចផ្តើមទាំងនោះនឹងមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា, យើងបានគូសបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្តក្នុងការសហការគ្នាដោយស្មោះត្រង់លើគ្រប់វិស័យ ដើម្បីផលប្រយោជន៍រួមក្នុងតំបន់ និងអនាគតរួមគ្នាមួយដែលប្រកបដោយសន្តិភាព វិបុលភាព និងបរិយាប័ន្ន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print