ភ្នំពេញ, អនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងលិខិតលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ និងបន្ទាប់ពីការជូនដំណឹងជាសាធារណៈដល់ម្ចាស់រថយន្តជ្រកក្រោមផ្លាកលេខផ្សេងៗដែលគ្មានពន្ធ ឱ្យចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូល, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សង្កេតឃើញថា ម្ចាស់រថយន្តចង្កូតឆ្វេងដែលជ្រកក្រោមផ្លាកលេខផ្សេងៗនិងគ្មានពន្ធ បានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករជាបន្តបន្ទាប់នៅតាមសាខាគយនិងរដ្ឋាកររាជធានី-ខេត្ត។ ដោយឡែកម្ចាស់រថយន្តចង្កូតស្តាំដែលជ្រកក្រោមផ្លាកលេខផ្សេងៗនិងគ្មានពន្ធ ក៏បានស្ម័គ្រចិត្តចូលមកតម្កល់ប្រាក់ស្មើនឹងចំនួនប្រាក់ពន្ធអាករ និងយករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេងផងដែរ។
ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមអំពាវនាវនិងលើកទឹកចិត្តដល់៖
– ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធនិងអាករចំនួន ១០%។
– ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ រួសរាន់ចូលមកតម្កល់ប្រាក់ពន្ធនិងអាករ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធនិងអាករចំនួន ១០%។ រថយន្តចង្កូតស្តាំត្រូវកែចង្កូតពីស្តាំមកឆ្វេងឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ រថយន្តចង្កូតឆ្វេងគ្មានពន្ធនឹងត្រូវឲ្យបង់ពន្ធអាករពេញលេញ ដោយពុំមានការអនុគ្រោះបន្ធូរបន្ថយពន្ធនិងអាករទៀតឡើយ។ នៅពេលផុតឱសានវាទ គឺចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធនឹងរងនូវការបង្ក្រាបយ៉ាងតឹងរ៉ឹងនិងម៉ឺងម៉ាត់ ហើយរថយន្តចង្កូតស្តាំ ក្រោយបង្ក្រាបបានត្រូវដោះបំបែកជាគ្រឿងបន្លាស់ ឬកម្ទេចចោល ៕
ដោយ, សិលា