ភ្នំពេញ៖ យោងតាមផេក ( Cambodia SEA GAMES 2023 ) CAMSOC- យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
កីឡារស់ក្នុងសន្ដិភាព SPORTS_LIVE_IN_PEACE បានបញ្ជាក់ឱ្យដឹងថា, ម្ចាស់មេដាយមាសកីឡាអាស៊ីលើប្រភេទកីឡាម៉ូតូទឹក សាលី អូមើត កំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពជាមួយនឹងម៉ូតូទឹកថ្មីនៅប្រទេសអូទ្រីស រយៈពេលជិតមួយខែហើយ ដើម្បីត្រៀមខ្លួនចូលប្រជែងដណ្តើមមេដាយជូនកម្ពុជាពីការប្រកួតកម្រិតអន្តរជាតិនានា និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កីឡាករ សាលី អូមើត បញ្ជាក់ថា ក្លិបបានបញ្ជូនមកហ្វឹកហាត់ នៅប្រទេសអូទ្រីសជិតមួយខែហើយ ដោយកំពុងហ្វឹកហាត់ជាមួយនឹងម៉ូតូទឹកថ្មី ដែលក្លិបទើបទិញឲ្យ ពិសេសបានហ្វឹកហាត់ជាមួយកីឡាម្ចាស់មេដាយមាសពិភពលោករបស់ប្រទេសអូទ្រីសផងដែរ។
អូមើត បន្ថែមទៀតថា ការហ្វឹកហាត់ក្នុងប្រទេសតំបន់អឺរ៉ុបមួយនេះ គឺជួបការលំបាកខ្លះ គឺបញ្ហាអាកាសធាតុត្រជាក់ខ្លាំង កន្លែងស្នាក់នៅ និងកន្លែងហ្វឹកហាត់។ តែទោះជាយ៉ាងណាក៏ដោយ ដើម្បីទទួលបានបទពិសោធន៍ និងចំណេះជំនាញថ្មីៗយកមកអភិវឌ្ឍចែករំលែកដល់កីឡាករម៉ូតូទឹកកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត អូមើត ប្តេជ្ញាខិតខំប្រឹងប្រែងហ្វឹកហាត់មិនបោះបង់ដោយសារតែបញ្ហប្រឈមបន្តិចបន្ទួចបែបនេះឡើយ។
សូមបញ្ជាក់ថា សាលី អូមើត ជាកីឡាករម៉ូតូទឹក ដែលឈ្នះមេដាយមាសកីឡាអាស៊ីជូនកម្ពុជា ហើយ កីឡាកររូបនេះក៏ជាជើងខ្លាំងមួយរូបធ្លាប់ប្រជែងដណ្តើមមេដាយបានជូនក្លិបពីការប្រកួតកម្រិតពិភពលោកជាច្រើនគ្រឿងផងដែរ។ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ សាលី អូមើត ជាក្តីសង្ឈឹមរបស់កម្ពុជាក្នុងការប្រជែងដណ្តើមមេដាយមាសជូនកម្ពុជាលើប្រភេទកីឡាម៉ូតូទឹក៕
ដោយ, សិលា