ភ្នំពេញ, លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលសង្ឃឹមថា “យេីងអាចចេញពីប្រអប់ COVID-19 បានភ្លាមៗនៅពេលដែលមនុស្សបន្តអនុវត្ត ៣ ការពារ និង ៣ កុំ បានត្រឹមត្រូវ និងទៀងទាត់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ការរៀនសូត្រដោយការអនុវត្តន៍ដោយប្រុងប្រយ័ត្ននូវវិធានការការពារចាំបាច់នានា អនុញ្ញាតឱ្យយើងវិលត្រឡប់មករកភាពប្រក្រតីភាពថ្មីដោយបើកដំណេីរការអាជីវកម្មដោយសុវត្ថិភាព។”
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ មាន ៩៩,១៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៧២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៤,២៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
ដោយឡែក, រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចេញសេចក្ដីជូនដំណឹង ស្ដីពីការក្រើនរំលឹកដល់មាតាបិតា-អាណាព្យាបាល និងអ្នកគ្រប់គ្រងមណ្ឌលថែទាំកុមារ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីនាំយកកុមារដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មកទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានមុនពេលបិទបញ្ចប់យុទ្ធនាការ និងចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ដូសជំរុញ ឬដូសទី៣ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានទីតាំងជូនភ្ជាប់ក្នុងតារាងឧបសម្ព័ន្ធ និងកាលបរិច្ឆេទ៕
ដោយ, សិលា