ភ្នំពេញ៖ បើយោងតាមប្រភពពីផេក( Cambodia SEA GAMES 2023 ) CAMSOC និងប្រភពរូបភាព Yuen_Punlue តាមរយៈទិសស្លោក#យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា
#កីឡារស់ក្នុងសន្ដិភាព_SPORTS_LIVE_IN_PEACE បានបញ្ជាក់អោយដឹងថា, សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានរៀបចំគូប្រកួតដណ្តើមប្រាក់លាន នៅក្នុងការប្រកួត «Ultimate Boxing Championship 2021» សម្រាប់សប្តាហ៍ទី៣ នាវេលាម៉ោង៦ល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅសង្វៀននាយកដ្ឋានអង្គរក្ស ដើម្បីធ្វើឲ្យព្រឹត្តិការណ៍គោលដៅឆ្ពោះទៅស៊ីហ្គេមមួយនេះកាន់តែកក្រើកទាក់ទាញពីមួយសប្តាហ៍ទៅមួយសប្តាហ៍។
បើតាមលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានឲ្យដឹងថាសម្រាប់ការប្រកួតប្រដាល់សកល សប្តាហ៍ទី៣នេះ ក៏មាន៦ប្រកួតដូច២សប្តាហ៍កន្លងទៅដែរ ប៉ុន្តែអ្វីដែលកាន់តែកក្រើកទៀតនោះ សហព័ន្ធបានរៀបចំផ្គូផ្គងកីឡាករខ្លាំងៗ និងក្រុមជម្រើសជាតិចំនួន៤នាក់ លើប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ជាបេក្ខភាពក្នុងការប្រកួតដណ្តើមប្រាក់លាន (២ប្រកួត) ដោយសប្តាហ៍ទី៣ នាល្ងាចថ្ងៃអាទិត្យស្អែកនេះនឹងមានការប្រកួតសន្សំពិន្ទុ ១ប្រកួត និង១ប្រកួតទៀត នាសប្តាហ៍ទី៤ (២សប្តាហ៍បន្ទាប់) ហើយឆ្ពោះទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ។
បេក្ខភាព៤នាក់នេះរួមមាន៖ កីឡាករ សែត សារឹត មកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ះជាមួយ ទូច ដេវីត កីឡាករជម្រើសជាតិប្រដាល់សកលកម្ពុជា ខណៈ១ប្រកួតទៀតដែលការប៉ះគ្នារវាង ជម្រើសជាតិ និងជម្រើសជាតិ វី សុភ័ស និងម៉ាង ព្រហ្មម៉ាញ នាសប្តាហ៍ទី៤ (២៤តុលា)។
ជម្រើសជាតិ ទូច ដេវីដ បញ្ជាក់ថា «ការជួបប្រកួតជាមួយ សែត សារឹត លើកនេះ គឺគូប្រជែងជាអ្នកខ្លាំងដែរ ដូច្នេះខ្ញុំក៏មានផលលំបាកក្នុងការប្រកួតនេះ ដោយសារខ្ញុំដំឡើងទម្ងន់។ បើខ្ញុំប្រកួតលើប្រភេទទម្ងន់ ៦០គីឡូក្រាម គឺជាទម្ងន់ពិតរបស់ខ្ញុំ ហើយខ្ញុំមានសង្ឃឹមច្រើនជាង»។
ក្រៅពី១ប្រកួតដណ្តើមប្រាក់លាន នៅក្នុងព្រឹត្តិការណ៍ «Ultimate Boxing Championship 2021» សប្តាហ៍ទី៣ នេះក៏មាន៥ប្រកួតផ្សេងទៀតដែរ ក្នុងនោះមាន២ប្រកួតលើទម្ងន់៤៩គីឡូក្រាម, គូពិសេសពីរគូលើប្រភេទទម្ងន់៥៤គីឡូក្រាម និង៦៣,៥គីឡូក្រាម និងគូឯកប្រចាំសប្តាហ៍លើប្រភេទទម្ងន់ ៦៥គីឡូក្រាម រវាងកីឡាករជម្រើសជាតិប្រដាល់សកល វី សុភ័ស និងផល សុភ័ណ្ឌ មកពីក្លិបតាឡីដំរីមានរិទ្ធនៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ។
លោកអគ្គលេខាធិការ ប៊ុយ សុភ័ណ្ឌ គូសបញ្ជាក់ថា ព្រឹត្តិការណ៍ Ultimate Boxing Championship ឆ្នាំ២០២១នេះត្រូវបានរៀបចំឡើងមានរយៈពេល៦សប្តាហ៍ ដើម្បីសម្រួចគោលដៅបច្ចេកទេសដល់កីឡាករ កីឡាការិនី ក៏ដូចជាបង្កើនគុណភាពរបៀបរបបនៃការរៀបចំរបស់មន្ត្រីគណៈកម្មការបច្ចេកទេស ព្រមទាំងការវិនិច្ឆ័យរបស់អាជ្ញាកណ្តាល ចៅក្រមឲ្យកាន់តែល្អប្រសើរ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕
ដោយ, សិលា