កូរ៉េខាងជើងប្រកាសថាបានត្រៀមលក្ខណៈរួចរាល់ក្នុងការវាយប្រហារដោយបរមាណូទៅលើអាមេរិក

ចែករំលែក៖

កូរ៉េខាងជើងបានប្រកាសថា ប្រទេស នេះបានត្រៀមលក្ខណៈរួចរាល់ក្នុងការវាយ ប្រហារបរមាណូទៅលើទីតាំងសំខាន់ៗ របស់អាមេរិក ដោយពេលនេះកូរ៉េខាង ជើងបានប្ដូរយុទ្ធសាស្ដ្រពីការការពារទៅជាការវាយប្រហារវិញ ។

កូរ៉េខាងជើងបានប្រកាសថា ទីក្រុង ព្យុងយ៉ាងមានក្បាលគ្រាប់បរមាណូបំពាក់ លើកាំជ្រួចមីស៊ីលឆ្លងទ្វីបអាចបាញ់ដល់តំបន់ Manhattan ជាតំបន់ពាណិជ្ជកម្ម ខ្លាំងបំផុតរបស់អាមេរិកស្ថិតនៅទីក្រុងញូវយ៉ក ។

សារព័ត៌មាន ដេលីម៉ែល បានផ្សាយ ថា កូរ៉េខាងជើងបានព្រមានថា អាចនឹង បើកការវាយប្រហារដោយបរមាណូទៅលើទីតាំងរបស់អាមេរិក ក្រោយពេល ដែលអាមេរិករឹតបន្ដឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើទីក្រុងព្យុងយ៉ាងអាចធ្វើឱ្យកូរ៉េខាងជើងធ្លាក់នៅក្នុងគ្រោះទុរ្ភិក្ស ពលរដ្ឋអាចស្លាប់ដោយសារអត់ឃ្លាន ។

តាមការប្រកាសបន្ទាប់ពីគ្រោះអត់ឃ្លាន រដ្ឋមន្ដ្រីក្រសួងការបរទេសកូរ៉េ ខាងជើងលោក Lee Su Yuong កាលពី ថ្ងៃទី៣១ ខែមីនា បានប្រកាសចំពោះមុខ មហាជនថា ទីក្រុងព្យុងយ៉ាងនឹងផ្លាស់ ប្ដូរពីយុទ្ធសាស្ដ្រការពារមកជាការវាយលុកវិញ ដោយវាយប្រហារជាមួយគ្រាប់ បែកបរមាណូទៅលើទីតាំងរបស់អាមេ រិក ។

សារព័ត៌មាន Daily Mail បានដក ស្រង់សម្ដីលោក Lee Su Yong បញ្ជាក់ ថា “ដើម្បីទប់ទល់នឹងសកម្មភាពបញ្ឆេះ ភ្លើងសង្គ្រាមរបស់អាមេរិក កូរ៉េខាង ជើងបានប្ដូរយុទ្ធសាស្ដ្រមកវាយលុកវិញ ទើបអាចទប់ទល់នឹងស្ថានភាពរបស់អា មេរិកបាន”។ ការគំរាមកំហែងវាយ ប្រហារអាមេរិកកើតឡើងក្រោយពេល ដែលមេដឹកនាំកូរ៉េខាងជើងប្រកាសថា បានបង្រួមក្បាលគ្រាប់បរមាណូដោយ ជោគជ័យ ។

ក្រុមអ្នកវិទ្យាសាស្ដ្របានបញ្ជាក់ថា “បរមាណូប្រភេទHydro បើអាចបំពាក់ លើកាំជ្រួចមីស៊ីលឆ្លងទ្វីបហើយបាញ់ដល់ ទីក្រុងញុូវយ៉កអាមេរិកនោះនឹងធ្វើឱ្យ ទីនោះក្លាយទៅជាផេះមិនខាន។ ក្រៅពី នេះមេដឹកនាំកូរ៉េខាងជើងក៏បានគំរាម វាយប្រហារទៅលើទីក្រុងសេអ៊ូលកូរ៉េខាង ត្បូងផងដែរ ។

មេដឹកនាំកូរ៉េខាងជើងបានប្រកាសថា ដើម្បីបញ្ចៀសសង្គ្រាមនោះអាមេរិកនិងកូរ៉េខាងត្បូងចាំបាច់ត្រូវតែបញ្ចប់សកម្ម ភាពធ្វើសមយុទ្ធ ពីព្រោះសមយុទ្ធនោះ ជាការត្រៀមលក្ខណៈឈ្លានពានទឹកដីកូរ៉េខាងជើង ទាំងនោះហើយទើបកូរ៉េខាង ជើងបង្កើនកម្មវិធីបរមាណូ និងមីស៊ីល ។

ការត្រៀមខ្លួនរបស់កូរ៉េខាងជើងក្នុងការធ្វើសង្គ្រាមគឺជារឿងសមហេតុសមផលដោយសារតែអាមេរិកនិងកូរ៉េខាងត្បូងមិនព្រមចុះសន្ធិសញ្ញាសន្ដិភាពជាមួយកូរ៉េខាងជើងបញ្ចប់សង្គ្រាមកាលពីឆ្នាំ១៩៥០-១៩៥៣។ កន្លងមកកូរ៉េខាង ជើងក៏ធ្លាប់បានប្រកាសថា ប្រទេសនេះ នឹងបញ្ចប់កម្មវិធីបរមាណូដែលមានវិវាទ នៅពេលដែលមានសន្ធិសញ្ញាសន្ដិភាព។
កាលពីថ្ងៃទី៣១ ខែមីនា អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានសន្យាសហ ការគ្នាស្អិតល្មួតជាងនេះក្នុងការអនុវត្ដ ច្បាប់ដាក់ទណ្ឌកម្មរបស់ អ.ស.ប ប្រឆាំង កូរ៉េខាងជើងក្រោយពេលដែលប្រទេស នេះមានសកម្មភាពឌឺដងបង្កឱ្យមានភាព តានតឹងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។

មានប្រសាសន៍ក្រោយជំនួបពិភាក្សា ត្រីភាគីប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីកូរ៉េខាង ត្បូងលោកស្រី ផាក គឿនហេ និងនាយក រដ្ឋមន្ដ្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បញ្ជាក់ថា ការអនុវត្ដច្បាប់ទណ្ឌកម្ម គឺជាគន្លឹះដ៏សំខាន់ក្នុងការទប់ស្កាត់កូរ៉េ ខាងជើងបន្ដសកម្មភាពឌឺដង គំរាម កំហែងសន្ដិសុខនៅក្នុងតំបន់ ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីផាក គឿនហេ បញ្ជាក់ថា មេដឹកនាំ ប្រទេសទាំងបីបានពិភាក្សាពីវិធីសាស្ដ្រទប់ទល់នឹងកូរ៉េខាងជើងដែលបានបង្កើនកម្មវិធីបរមាណូ និងកាំជ្រួចមីស៊ីល។ ទីក្រុងព្យុងយ៉ាង នឹងទទួលរងការដាក់ទណ្ឌ កម្មច្រើនជាងនេះប្រសិនបើកូរ៉េខាងជើងនៅតែបន្ដឌឺដងនោះ ៕

image

 

ប្រែសម្រូល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print