ភ្នំពេញ៖ លោកហុក ហួរលីម នាយករងរដ្ឋបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ នាំយកថវិកា របស់លោកឃួង ស្រេងចំនួន៥លានរៀលទៅប្រគល់ជូន លោកស្រី ស៊ី តូន ចៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ដែលមានជំងឺយ៉ាងធ្ងន់ធ្ងរសម្រាកនៅគេហដ្ឋានដើម្បីរំលែកការលំបាកក្នុងការព្យាបាលជំងឺខណៈដែលលោកស្រីបាននិងកំពុងសម្រាកព្យាបាលនៅផ្ទះ ។
ថវិកាចំនួន៥លានរៀលនេះត្រូវបានលោកហុក ហួរលីម នាំទៅប្រគល់ជូនដល់គេហដ្ឋានរបស់លោកស្រីស៊ី តូន តែម្តង ស្ថិតនៅក្បែរបន្ទាយទួលក្រសាំង នាក្រុងតាខ្មៅ ខេត្តកណ្ដាល នៅល្ងាចថ្ងៃទី០៩ខែតុលាឆ្នាំ ២០២១នេះ។
លោកហុក ហួរលីម បានមានប្រសាសន៍លើកឡើងថា លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មិនថា មន្ត្រី ក្រោមឱវាទ និងប្រជាពលរដ្ឋទូទៅទេ ឲ្យតែជួបការលំបាក ឬមានទុក្ខព្រួយ លោកតែងតែចុះជួយឬចាត់តំណាងចុះទៅជានិច្ច។ ជាក់ស្តែងនៅពេលនេះខណៈដែលទទួលបានព័ត៌មានថា លោកស្រី ស៊ី តូន ចៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ មានជំងឺធ្ងន់ធ្ងរ លោកអភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឱ្យលោក ជាតំណាងលោកចុះមកសួរសុខទុក្ខនិងនាំយកថវិកាមកប្រគល់ជូនតែម្តងដើម្បីរំលែកការលំបាកក្នុងការព្យាបាលជំងឺរបស់លោកស្រី ។
លោកហុក ហួរលីម ក្នុងឱកាសនោះ បានជូនពរឱ្យលោកស្រី ស៊ីតូន បានឆាប់ជាសះ ស្បើយពីជំងឺ ដើម្បីអាចទៅបំពេញការងារជាចៅសង្កាត់បន្តទៀត ។
លោកបន្តថា លោកស្រីចៅសង្កាត់ផ្សារថ្មីទី១ គឺជាអតីតនារីដ៏ឆ្នើមមួយរូប ដែលសម្ដេចជា ស៊ីម បានដាក់រហស្សនាមឲ្យ។
បើតាមការបញ្ជាក់ពីក្រុមគ្រួសារនិងកូនចៅរបស់លោកស្រី ស៊ី តូន បានឲ្យដឹងថា លោកស្រីស៊ី តូនបានកើតជំងឺម្យ៉ាង ដែលគ្រូពេទ្យឱ្យឈ្មោះថា ជម្ងឺចាក់កូ ។ ជំងឺនេះ វាធ្វើអោយប្រព័ន្ធខួរក្បាល ស្រឹមៗទៅ ភ្លេចការចងចាំ ប៉ុន្តែវាមិនបង្កឱ្យមានការឈឺចាប់នោះទេ ។ ជំងឺចាក់កូ ជាជំងឺម្យ៉ាងដែលកម្រនឹងកើតមានណាស់ ពោលគឺក្នុងចំណោមមនុស្ស២លាននាក់លើលោក សឹងមិនទាន់កើតម្នាក់ផង តែបែរជាមកកើតលើលោកស្រី ស៊ី តូន ទៅវិញ ៕.ដោយសំរិត