ភ្នំពេញ, រសៀលថ្ងៃសៅរ៍ ០៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ ដោយអនុវត្តតាមការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោកប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម និងជាប្រធានមុខព្រួញទទួលខេត្តកណ្តាល និងក្រុម ការងារបច្ចេកទេស បានចុះជួយធ្វើការទប់ស្ទាក់ទឹកជាបន្ទាន់តាមទំនប់ប្រឡាយព្រែកកំពឹស (ប្រឡាយព្រែករទាំង) ដែលទឹកហូរពីលើខ្នងទំនប់ មានប្រវែង ២០០ ម៉ែត្រ ទំហំខ្នងទំនប់ ៥ ម៉ែត្រ ដែលជាចំណុចទំនាប ស្ថិតនៅចំណុចព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ក្នុងភូមិសាស្ត្រភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមានការប៉ះពាល់ដល់លំនៅដ្ឋានរបស់ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅទាំងពីរភូមិខាងលើ ។
ដោយឡែកក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល ស្ថានភាពនៃការលិចហូរពីលើផ្លូវបេតុង តាមចំណុចទំនាប និងដោយកន្លែង ដែលមានទីតាំងស្ថិតនៅតំបន់ទំនប់ចាបយំ ភូមិព្រែករាំង ១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ រួមគ្នាច្រកបាវខ្សាច់ទប់ជាទំនប់បន្ថែម ដើម្បីការពារទប់ការលិចលង់ភូមិ ។ សូមបញ្ជាក់ជូនថា ការជន់លិចនេះ ពុំមែនជាជំនន់ទឹកស្ទឹងព្រែកត្នោតទេ គឺជាជំនន់ទឹកភ្លៀង តែពុំធ្ងន់ធ្ងរនោះទេ នេះគឺ ដោយសារផ្លូវរំដោះទឹកជាធម្មជាតិត្រូវរួមតូច ដែលខុសពីផ្លូវទឹកធម្មជាតិដែលមានពីមុន បណ្តាលឲ្យការរំដោះទឹកទៅតាមបណ្តាប្រឡាយ ព្រែក បឹង ផ្សេងៗ និងឆ្ពោះទៅទន្លេបាសាក់ ត្រូវបានរាំងស្ទះ ដោយសារ ការចាក់លុប ឬ បិទ ស្ទើរអស់ទៅហើយ និងដោយការសាងសង់ផ្លូវ និងសំណង់មួយចំនួនមិនបានគោរពតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ក្នុងការរក្សាផ្លូវទឹក ។
ស្ថិតក្នុងស្ថានភាពនេះ លោករដ្ឋមន្រ្តី លឹម គានហោ បានចាត់បញ្ជូនគ្រឿងចក្រធុនធ្ងន់ និងមន្រ្តីបច្ចេកទេសទាំងយប់បន្ថែមទៅកាន់ទីតាំងខាងលើ ដើម្បីបើកផ្លូវទឹកនៃភ្លឺប្រឡាយ ៩៦ និង ៩៤ ដែលជាផ្លូវរំដោះទឹកយ៉ាងសំខាន់ ដើម្បីបង្ហូរធ្លាក់ទៅតំបន់បឹងបួរ អូរធម្មជាតិ និងធ្លាក់ចូលតាមព្រែកទៅទន្លេបាសាក់ ដែលការងារនេះ នឹងត្រូវអនុវត្តឲ្យបានទាន់ពេលនៅវេលាថ្ងៃស្អែក ៕
ដោយ, សុខ ខេមរា