សាកសពមនុស្សស្រីពុំស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតទឹកទន្លេបាសាក់នៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល: សាកសពមនុស្សស្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលមានសភាពហើមរលួយ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតមកទើរនៅមាត់ច្រាំងដងទន្លេបាសាក់ បង្កការភ្ញាក់ផ្អើលឡើងនៅថ្ងៃទី០៩ ខែតុលា  ឆ្នាំ២០២១ វេលាម៉ោង១៤និង៤៥នាទី នៅចំណុចច្រាំងទន្លេបាសាក់ ស្ថិតនៅក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទស្រីអាយុប្រហែល២០ឆ្នាំ កម្ពស់១.៦២ម៉ែត្រ សក់ស្លូតវែងសាកសពស្លៀកខោក្រណាត់ឡេវ ពណ៌ខ្មៅ ជេីងវែង ពាក់អាវសាច់ក្រណាត់ ពណ៌ខ្មៅដៃវែង មានពាក់អាវយឺតដៃខ្លី ពណ៌ប្រផេះ ពាក់អាវទ្រនាប់ពណ៌សលាយខ្មៅនិងក្រហម សាកសពស្លៀកខោខ្លីក្នុង សាច់ក្រណាត់ពណ៌ខៀវលាយពណ៌ តុក្កតា និងស្លៀកខោលីអូ ពណ៌ក្រហម ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំ និងវេលាម៉ោងកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានទទួលពត៌មានពីប្រជាពលរដ្ឋថាមានគេប្រទះឃើញសាកសពនៅចំណុចកើតហេតុ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល សហការណ៍ជាមួយកម្លាំងផ្នែកជំនាញពិនិត្យ និងវិភាគកន្លែងកើតហេតុដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ មេភូមិ និងក្រុមគ្រូពេទ្យឃុំ បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការពិនិត្យសាកសពឃើញថា សាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ ។
សន្និដ្ឋានសាកសពស្លាប់ដោយសារលង់ទឹក ក្រោយពិនិត្យរួច សាកសពបានប្រគល់ឲ្យប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល និងក្រុមប្រឹក្សាឃុំស្វាយប្រទាល ដើម្បីបញ្ចុះនៅវត្តឫស្សីជ្រោយ៕ ដោយ ស្អាង ជ័យ

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print