ភ្នំពេញ៖ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតិឲ្យ លោក យូ ជុន សេង (H.E Mr. Yu Chunsheng) ជាសមាជិកគណៈកម្មាធិការអចិន្រ្ដៃយ៍ នៃគណៈកម្មការបក្សកុំម្មុយនីស្ដចិន ផ្នែកអធិការកិច្ច និងត្រួតពិនិត្យវិន័យខេត្ដគ័ងស៊ី និងប្រតិភូបានចូលសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦។
នាឱកាសនោះផងដែរ លោកស្រីក៏បានលើកឡើងថា ៖ ក្រសួងទំនាក់ទំនងជាមួយរដុ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចមានតួនាទីធ្វើអធិការកិច្ចលើគ្រប់វិស័យនៅទូទាំងប្រទេស ទទួល និងដោះស្រាយនូវរាល់ ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ធ្វើការផ្សព្វផ្សាយច្បាប់ ដែលរដ្ឋសភាបានអនុម័តរួចជូនដល់ប្រជាពលរដ្ឋ និងធ្វើការបណ្តុះបណ្តាលជំនាញអធិការកិច្ច តាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច។ លោកស្រីក៏បានបន្ត ទៀតថា ចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចកម្ពុជា ជាមួយក្រសួងត្រួតពិនិត្យ នៃសាធារណរដ្ឋប្រជាមានិតចិនក៏ដូចជាគណកម្មា ធិការត្រួតពិនិត្យវិន័យមជ្ឃឹមបក្សកុំម្មុយនីស្តចិន ក្នុងបណ្តាឆ្នាំកន្លងមកបានសម្រចផ្លែផ្កាគួរជាទីមោទនៈ និងសូមបន្តពង្រឹង និងពង្រីកបន្ថែមទៀតននូវកិច្ចសហប្រតិបត្តិការនេះ ។
លោកស្រីក៏បានជូនពរ លោក យូ ជុន សេង (H.E Mr. Yu Chunsheng) និងប្រតិភូសូម បានប្រកបដោយ សេចក្តីសុខ និងសុវត្ថិភាពក្នុងអំឡុងពេលបំពេញទស្សនៈកិច្ចនៅព្រះរាជាណចក្រ កម្ពុជា និងពេលត្រលប់មាតុភូមិនិវត្តន៍វិញ៕
ដោយ៖ សុខ ខេមរា