ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកគាំទ្រពេញចិត្តមិនតិចនោះទេក្រោយពីតារាចម្រៀងលំដាប់ជួរមុខ អ្នកនាង ឱក សុគន្ធកញ្ញា បានបញ្ចេញរូបថតជាច្រើនសន្លឹកក្នុងរួបភាពជាសិល្បករផ្នែករបាំព្រះរាជព្រទ្យគឺរបាំបួងសួងនោះ។ កោតសរសើរខ្លាំងក៏ព្រោះតែតារាចម្រៀងរូបនេះអាចរាំបានយ៉ាងល្វតល្វន់ទាក់ទាញមិននឹកស្មានដល់។
កន្លងទៅមានសិល្បករសិល្បការិនីមិនច្រើនទេដែលធ្លាប់បានឆ្លងកាត់ការហ្វឹកហាត់ដោយផ្ទាល់លើមូលដ្ឋានគ្រឹះសិល្បៈបុរាណខ្មែរ ប៉ុន្តែអ្នកដែលធ្លាប់បានឆ្លងកាត់ការសិក្សាលើចំណេះជំនាញទាំងនេះមួយចំនួនមានឈ្មោះបោះសំឡេងខ្លាំងលើវិស័យសិល្បៈបច្ចុប្បន្ន។ ជាក់ស្តែងតារាចម្រៀងលំដាប់ជួរមុខ ឱក សុគន្ធកញ្ញា មុននេះបានធ្វើឲ្យអ្នកគាំទ្រ និងមហាជនបើកភ្នែកធំៗ ក៏ព្រោះការតុបតែងកាយជាព្រាហ្មណ៍ ថែមទាំងដាក់ក្បាច់មិនឆ្គង សាកសមឥតទាស់ រហូតធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់។ រូបភាពនេះត្រូវបានតារាល្បីល្បាញរូបនេះទើបនឹងបញ្ចេញនៅលើ គណនីហ្វេសប៊ុករបស់នាង ដោយបង្ហាញសម្លៀកបំពាក់ជាតួអង្គ នាយរោងក្នុងរបាំព្រះរាជទ្រព្យ រាំពត់ពេនខ្លួនបានយ៉ាងសាកសម ដែលលម្អទៅដោយគ្រឿងពណ៌ ស ក្នុងវ័យជំទង់ ដែលតំណាងឲ្យភាពបរិសុទ្ធផូរផង់។ តារាចម្រៀងរូបនេះបានបញ្ជាក់ថា នេះគឺជារបាំបួងសួងព្រាហ្មណ៍ ដែលជាទម្រង់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) ដែលរបាំនេះគឺជាប្រភេទរបាំបែបសក្ការៈនិងជាដង្វាយដល់អទិទេពប្រចាំប្រាសាទ ហើយមួយវិញទៀតសម្រាប់បួងសួងសុំសេចក្តីសុខប្រចាំប្រទេសកម្ពុជា ។ អ្នកគាំទ្រវិញបានលាន់មាត់សរសើរអំពីទេពកោសល្យតារាចម្រៀងស្រីរូបនេះគ្រប់ៗមាត់ ថាពិតជាស្រស់ស្អាត សាកសម ទៅនឹងតំណែងតារាចម្រៀងលំដាប់ជួរមុខ ហើយការបញ្ចេញកាយវិការក្បាច់រាំនេះមិនមែនកើតឡើងដោយភាពចៃដន្យ ឬសិក្សាក្នុងរយៈពេលខ្លីអាចធ្វើបានឡើយ ពោលគឺនាងជាអតីតសិល្បការិនីផ្នែករបាំ ខណៈដែលម្តាយរបស់តារាចម្រៀងរូបនេះត្រូវបានគេស្គាល់ថាជាគ្រូសិល្បៈផ្នែកបុរាណ បច្ចុប្បន្នគាត់គឺជាមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។
គួរបញ្ជាក់ដែរថា បើតាមសិលាចារឹកនៅវត្ត គំនូរ ស្រុកអង្គរបុរី របាំនេះមានដើមកំណើតនៅដើមសតវត្សទី៧ឬមុនសម័យអង្គរ ដែលព្រះបាទជ័យវរ្ម័នទី១ ត្រាស់បង្គាប់ឱ្យចាត់ទុករបាំបួងសួងថាជារបាំប្រចាំប្រាសាទសម្រាប់ជាដង្វាយរាំថ្វាយសុំសេចក្តីសុខពីទេវៈ៕ ដោយ វឌ្ឍនា