កំពុងច្រូតស្មៅចម្ការដំឡូង រន្ទះបាញ់ស្លាប់ក្មេងស្រីជំទង់ម្នាក់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តសៀមរាប៖ ពិតជាអកុសលណាស់ ដែលក្មេងស្រីជំទង់ម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ពេលកំពុងច្រូតស្មៅសម្អាតចម្ការដំឡូង។

មន្ត្រីនគរបាលខេត្តសៀមរាប បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ហេត សុធារ៉ា ហៅ ណា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរកសិករ បច្ចុប្បន្ននៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ប្រភពដដែលបានឲ្យដឹងទៀតថាតាមការបំភ្លឺរបស់សាក្សីដែលត្រូវជាបងជីដូនមួយរបស់ជនរងគ្រោះឈ្មោះ អឿន សុធា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងត្រុំ ឃុំពពេល បានឲ្យដឹងថានៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២និង២០នាទីរសៀល ខ្លួននិងប្រពន្ធ ព្រមទាំងប្អូនជីដូនមួយឈ្មោះ ហេត សុធារ៉ា ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិឃុំខាងលើបានកំពុងច្រូតស្មៅដំទ្បូងនៅក្នុងចម្ការក្នុងភូមិឃុំកើតហេតុខាងលើ។រហូតដល់ម៉ោង៣និង៣០នាទីរសៀល មេឃខ្មៅនិងមានភ្លៀងធ្លាក់តិចៗ ខ្លួនក៏បានប្រាប់ប្អូនជីដូនមួយឲ្យទៅជ្រកភ្លៀងសិនទៅ។ ភ្លាមនោះប្អូនជីដូនមួយរបស់ខ្លួនក៏បានដើរទៅបានប្រហែល ០៣ជំហាន ស្រាប់តែមានរន្ទះបាញ់ចំក្បាលធ្វើឲ្យរបើកមួកចេញពីក្បាលរបស់នាង ហើយខ្លួនឃើញដូច្នោះក៏រត់ទៅទ្រពីក្រោមប្អូនជីដូនមួយរបស់ខ្លួន ទើបដឹងថានាងបានស្លាប់បាត់ហើយ។បន្ទាប់មកក៏ដឹកសពមកផ្ទះក្នុងភូមិត្រពាំងត្រុំតែម្តងទៅ។

តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចជំនាញ លើផ្នែកក្បាល ដងខ្លួន និងអវៈយវៈ ពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធ នឹងបទល្មើសព្រហ្មទណ្ឌ ឬឃាតកម្មនោះទេ។

តាមការសន្និដ្ឋានរបស់គ្រូពេទ្យ និងសមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារន្ទះបាញ់ប្រាកមែន ហើយក្រុមគ្រូពេទ្យបានពិនិត្យសំណាករកមេរោគកូវីដ-១៩ គឺអវិជ្ជមាន។ ក្រោយពិនិត្យសាកសព និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចជំនាញបានប្រគល់សាកសពក្មេងរងគ្រោះ ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ៕

...

ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print