ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់និងស្រាលដោយសារតែការបើកម៉ូតូមិនគោរពសិទ្ធិអាទិភាពទៅបុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កឱ្យមានគ្រោះថ្នាក់និងភ្ញាក់ផ្អើលទដល់សមត្ថកិច្ចទាំងព្រឹក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១២នាទីព្រឹកថ្ងៃទី១៦
ខែតុលា ឆ្នាំ២០២១លើផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៤២និងលេខ១៤៣ស្ថិតក្នុងភូមិស្វាយតាយាន ឃុំ ស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាអ្នកបើកម៉ូតូបង្កហេតុមានឈ្មោះសុី ម៉ាឡៃ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្ត ស្វាយរៀង ជិះម៉ូតូម៉ាកHONDA Dream ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាក លេខ ស្វាយរៀង១N-១៨៣២បានខូចខាតទាំងស្រុង។
ចំណែកភាគីរងគ្រោះមានឈ្មោះវិត ចិន្ថា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ និងអ្នករួមដំណើរឈ្មោះអែម ចិន្នា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ អ្នកទាំងពីរមានទីលំនៅភូមិលាប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក HONDA Dream ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១N.១៨៣២ លើផ្លូវជាតិលេខ១ ក្នុងទិសដៅពីត្បូងទៅលិច ដោយបើកមិនគោរពសិទ្ធិអាទិភាពឡើយ ស្រាប់តែទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក Honda Dream សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១J-០៣២៤ ជិះគ្នា២នាក់ក្នុងទិសដៅពីលិចទៅកើតពេញទំហឹងដួលរដូករណែលពេញផ្លូវបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុអ្នករបួសទាំង៣នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯ
វត្ថុតាងម៉ូតូទាំង០២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយតាយាន ដើម្បីរង់ចាំធ្វើការដោះស្រាយតាមច្បាប់៕
ដោយ៖ យឹម សុថាន