ប្រជាពលរដ្ឋជួបការលំបាកចំនួន ១២៥គ្រួសារ នៅក្រុងកែប​ ទទួល​អំណោយជាស្បៀង​ និងថវិកា​ ពីអភិបាលខេត្តកែប

ចែករំលែក៖

ខេត្ត​កែប​៖​ លោក សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប​ និងលោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា​ ព្រមទាំងថ្នាក់ដឹកនាំមកពីគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា សមាជិកា​ ក្រុមប្រឹក្សា​ខេត្ត​​ អភិបាលរងខេត្ត​ អភិបាលក្រុងកែប និងមន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ​ បានអញ្ជើញសាកសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋជួបការលំបាក​ នៅនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

អំណោយដែលយកទៅប្រគល់ជូន ប្រជាពលរដ្ឋ១២៥គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២០គីឡូក្រាម​ និងមី១កេស រួមទាំងពាំនាំថវិកា ដ៏ថ្លៃថ្លារបស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសចំនួន ២៤០០ដុល្លារ​ ជូនព្រះវិហារឥស្លាមភូមិថ្មី​ ក្រុងកែប ដែលសរុប ជាថវិកាទាំងអស់ ៤៥៨៧ ដុល្លារអាមេរិក ជាមួយគ្នានេះ គណៈប្រតិភូក៏បានផ្តល់ជូនដំណាប់ល្មើ ១៧០គីឡូក្រាម និងគម្ពីរអាល់គួរអាន​ មួយចំនួនផងដែរ។

នាឱកាសនោះ​ លោក សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប បានស្វាគមន៍ និងថ្លែងអំណរគុណគណៈប្រតិភូ ដែលបានយកចិត្តទុកដាក់សាកសួរទុក្ខ ដល់ប្រជាពលរដ្ឋ ក្នុងខេត្តកែប ដែលនេះជាការរួមចំណែកសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយសារវិបត្តិនៃជំងឺឆ្លង ជាសាកល កូវីដ-១៩ ។ លោកអភិបាលខេត្ត​ បន្តថា កន្លងមក អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក៏ដូជាក្រុមការងារចុះជួយភូមិទាំងអស់ តែងតែចុះដល់គ្រប់មូលដ្ឋាន និងនាំយកអំណោយសង្គ្រោះផ្តល់ជូនដល់បងប្អូន ដែលកំពុងជួបការលំបាកជាប់ជាប្រចាំ និងគ្រប់ភូមិទូទាំងខេត្ត ។

ជាមួយគ្នានេះអភិបាលខេត្ត ក៏បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្ត្តជាប្រចាំ នូវវិធានការសុខាភិបាល វិធានការបីកុំ បីការពារ ត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ទម្លាប់រស់នៅល្អ ហូបស្អាត ផឹកស្អាត មានអនាម័យ ទើបយើង អាចឈានទៅបញ្ចប់ការឆ្លងរាលដាល់ជំងឺកូវីដ-១៩ និងមានជីវភាពប្រសើរឡើងវិញ ។

ដោយ​ឡែក​លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា បានក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ត្រូវម្ចាស់ការ​ និងប្រាកដថា ខ្លួនពិតជាមានឈ្មោះ ពិតប្រាកដ ត្រឹមត្រូវក្នុងបញ្ជីឈ្មោះបោះឆ្នោត ហើយត្រៀមពិនិត្យ រឺចុះឈ្មោះជាថ្មីសម្រាប់អ្នកទើបគ្រប់អាយុបោះឆ្នោត ឬអ្នកដែលទើបផ្លាស់ប្តូរទីលំនៅ ដែលចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ យោង តាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕ដោយ​៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print