ខេត្តបាត់ដំបង៖ លោកបណ្ឌិត ប៊ុត គឹមស៊ាន ជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ បានចាត់លោក យ៉ាន ឧត្តម នាយករងសាខាខេត្ត ដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជាសរុប ចំនួន១៥នាក់ស្រី ៨នាក់ សហការជាមួយមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តនិង ការិយាល័យចរាចណ៍ផ្លូវគោកខេត្តនៃស្នងការនគរបាលខេត្តចុះ អប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចណ៍ និងវិធានការទបស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្តាលផ្លូវហាយវេដែលទើបដាក់ឱ្យដំណើការចំនួន៦ទីតាំងផ្សេងគ្នានៅត្រង់ផ្លូវបំបែក ជាបួនដោយឆ្លងកាត់ស្រុកក្រុងចំនួន៣រួមមានស្រុកសង្កែ ស្រុកថ្មគោល និងក្រុងបាត់ដំបង ។
ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះក្នុងគោលបំណង ដើម្បីជួយផ្សព្វផ្សាយដល់សាធារណជនទូទៅដែលធ្វើដំណើរតាមដងផ្លូវ ឱ្យបានយល់ដឹងកាន់តែល្អប្រសើរពីច្បាប់ចរាចរណ៍ផ្លូវគោក ស្គាល់ផ្លាកសញ្ញាចរាចណ៍ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាតមិនត្រូវបត់ ឬវ៉ាជែង ក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍ សំឡេងភ្ជាប់ទំនាក់ទំនង ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អាធ្យាស្រ័យ សូមបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ និងចូលរួមកាត់បន្ថយនូវអត្រារងគ្រោះថ្នាក់ផ្សេងៗ ដែលបណ្តាលមកពីការបើកបរមិនគោរពច្បាប់ចរាចរណ៍ ពិសេសបើកបរដោយខ្វះការប្រុងប្រយ័ត្ន និងធ្វេសប្រហែសជាដើម ដើម្បីចៀសវាងពីការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូនគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្លួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ដើម្បីភាពសុខដុមរម្យនា ក្នុង ក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង។
ជាមួយគ្នានេះ ក្រុមការងារក៏បានចូលរួមផ្សព្វផ្សាយបញ្រ្ជាបនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ ដោយចងផ្ទាំងរូបភាព ,ចែកខិត្តប័ណ្ណ៣ការពារ ៣កុំ និងចែកម៉ាស់ផងដែរ។
ក្នុងការងារផ្សព្វផ្សាយនេះក្រុមការងារចែកម៉ាស់កំណាត់ចំនួន ៥៥០ម៉ាស់ , ចែកខិតប័ណ្ណកូវីដ៨ផ្នត់ចំនួន៣៥០សន្លឹក, ចំណាំងផ្លាស់ចំនួន ២០០សន្លឹក ឯកសារផ្សព្វផ្សាយចរាចណ៍ផ្លូវគោករួមមាន៖ សៀវភៅច្បាប់ចរាចណ៍ កូនសៀបភៅអប់រំមូលដ្ឋានគ្រះសុវត្ថិភាពចរាចណ៍ ខិតប័ណ្ណរបៀបពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវចំនួន។ ជាលទ្ធផលក្រុមការងារបានផ្សព្វផ្សាយ និងចែកខិតប័ណ្ណដល់អ្នកធ្វើដំណើបានចំនួន ១,៩៥០ នាក់ស្រី៧៩៥នាក់ផងដែរ៕ ដោយ៖សហការី