ចៅក្រមស៊ើបសួរសម្រេច ដោះលែងស្ត្រីម្នាក់ ពាក់ព័ន្ធរឿងស៊ីដាច់លុយរត់ការដេញថ្លៃគម្រោងជួសជុលផ្លូវ ឲ្យមានសេរីភាពវិញ

ចែករំលែក៖

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការដោះលែងស្ត្រីម្នាក់ ពាក់ព័ន្ធសំណុំរឿងចេញសែកស្អុយករណីស៊ីដាច់លុយរត់ការដេញថ្លៃគម្រោងជួសជុលផ្លូវជាតិលេខ៤ និងផ្លូវជាតិ៦A លើទឹកប្រាក់ប្រមាណជាង៣ម៉ឺនដុល្លារអាមេរិក ដោយតម្រូវដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ ការដោះលែងស្ត្រីរូបនោះក្រោយពីតំណាងអយ្យការបានធ្វើការចោទជាផ្លូវការ នឹងចាត់បញ្ជូនដល់ចៅក្រមស៊ើបសួរ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចការិល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់បញ្ជូនស្ត្រីម្នាក់ទៅតុលាការ ដោយជាប់ពាក់ព័ន្ធពីបទ រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺប្រើប្រាស់សែកស្អុយដាក់តម្កល់នៅធនាគារ ។ ស្ត្រីរូបនោះឈ្មោះ ឈាង នាងល័ក្ត អាយុ៣៩ ឆ្នាំ មុខ របរនៅផ្ទះ ទីលំនៅផ្ទះលេខ២៧ ផ្លូវលេខ៦ សង្កាត់ព្រែកអម្ពិល ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មានការបញ្ជាក់ថា ស្ត្រីឈ្មោះ ឈាង នាងល័ក្ត ត្រូវបានតំណាងអយ្យការ បើកការស៊ើបសួរលើពាក្យបណ្តឹងព្រហ្មទណ្ឌ ពាក់ព័ន្ធក្នុងការទទួលយកប្រាក់ពីក្រុមហ៊ុនមួយប្រមាណជាង ៣០ ០០០ ដុល្លារអាមេរិក ដោយសន្យាយកទៅរត់ការដេញថ្លៃគម្រោងជួសជុលផ្លូវជាតិលេខ៤ និងផ្លូវជាតិ៦A ដែលមិនបានសម្រេច ថែមទាំងស៊ីដាច់ប្រាក់នោះ ហើយគេចវេសមិនព្រមដោះស្រាយជាមួយដើមបណ្តឹងទៀតផង ។ ក្រោយសាកសួរអស់រយៈពេលជាច្រើនម៉ោង តំណាងអយ្យការបានផ្ញើជនសង្ស័យទៅសមត្ថកិច្ចកងរាជអាវុធហត្ថវិញ ដោយមិនទាន់សម្រេចធ្វើការចោទប្រកាន់ជាផ្លូវការយ៉ាងណានោះនៅឡើយទេ តែតម្រូវឲ្យនាំខ្លួនទៅសាកសួរបន្តនៅព្រឹកថ្ងៃទី១៥ ខែតុលា នេះ ។

តាមប្រភពព័ត៌មានបានបានប្រាប់ឲ្យដឹងថា បើទោះបីការសាកសួរនៅមិនទាន់ត្រូវបានបញ្ចប់យ៉ាងណាក្តី ប៉ុន្តែជនសង្ស័យទំនងជាគ្មានលទ្ធភាពរកប្រាក់ ដើម្បីដោះបន្ទុកលើបណ្តឹងរដ្ឋប្បវេណីនោះទេ នាងអាចនិងផ្ញើខ្លួនក្នុងពន្ធនាគារចោលប្តីមួយរយៈ ពាក់ព័ន្ធប្រើប្រាស់សែកស្អុយចំនួន ៣៥,០០០ ដុល្លារអាមេរិក (សងខ្លះវិញហើយនៅសល់២៤ ,០០០ដុល្លារ) ដែលទទួលយកទៅរត់ការដេញថ្លៃគម្រោងជួសជុលផ្លូវ ជាមួយក្រុមហ៊ុនមួយនោះ មិនបានសម្រេច ។

...

បច្ចុប្បន្ន ក្រោយពីតំណាងអយ្យការបានបញ្ចប់ការស៊ើបសួរ សំណុំរឿងនេះត្រូវបានចាត់បញ្ជូនដល់ដៃ រហូតដល់ល្ងាចថ្ងៃ១៧ ខែតុលា ទើបត្រូវបានចៅក្រមស៊ើបសួរដោះលែងស្ត្រីរូបនោះឲ្យមានសេរីភាពវិញ ៕ ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print