ភ្នំពេញ ៖ បុរសជនជាតិកូរ៉េម្នាក់ ពាក់ព័ន្ធនិងសំណុំរឿងខ្ចីប្រាក់មិត្តភ័ក្រចំនួន១៣មុឺនដុល្លារ ហើយចេញសែកស្អុយសងទៅវិញត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួនបញ្ជូនមកសាលាដំបូងកាលពីព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ដើម្បីប្រគល់ឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបសួរ រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ត្រូវបានចៅក្រមស៊ើបសួរ នឹងសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន។
ជនជាប់ចោទដែលត្រូវដាក់ទោស ឈ្មោះ KIM MOO JIN ភេទប្រុស អាយុ៦៥ឆ្នាំ ជាពាណិជ្ជករ មានទីលំនៅបុរី វ៉ារីណា ផ្ទះលេខ៧អា ផ្លូវ ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២១ ឈ្មោះ KIM MOO JIN ភេទប្រុស បានសុំខ្ចីប្រាក់ពីបុរសឈ្មោះ JUNG HEUIN TAE ជាជនជាតិកូរ៉េដូចគ្នា ចំនួន១៣មុឺនដុល្លារ ដើម្បីយកទៅពង្រឹងមុខរបររកសុីនៅក្នុងអំឡុងពេលមានជំងឺកូវីដរាតត្បាត ដោយសន្យាថាក្នុងរយៈពេលេខែ នឹងសងប្រាក់វិញ ។ លុះដល់ថ្ងៃកំណត់សងប្រាក់ឈ្មោះ KIM MOO JIN មិនមានប្រាក់សងទេ ហើយម្ចាស់ប្រាក់ក៏បានដាសតឿនច្រើនដង ទើប KIM MOO JIN បានចេញសែកចំនួន២សន្លឹក គឺលេខ ៣០១៧៦៣ ចុះថ្ងៃទី ៣១មីនា ឆ្នាំ២០២១ដោយមានទឹកប្រាក់ចំនួន៤៥,០០០ដុល្លារ ។ និងសែកមួយសន្លឹកទៀតលេខ ៣០១៧៦១ ចុះថ្ងៃទី ១៧ឧសភា ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន៩មុឺនដុល្លារ ។ លុះដល់ថ្ងៃកំណត់បើកប្រាក់ ម្ចាស់បំណុលយកសែកទៅបើកប្រាក់ ស្រាប់តែខាងធនាគារ ABA បញ្ជាក់ថា សែកនោះគ្មានប្រាក់មួយរៀលទេ ចំណែកឈ្មោះ KIM MOO JIN គេចវេសមិនជួបចរចា ទើបឈ្មោះ JUNG HEUIN TAE ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង។
បច្ចុប្ប្ន្នជនជាប់ចោទត្រូវបានមត្ថកិច្ចបញ្ជូនទៅពន្ធនាគារដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន៕ ដោយ រ៉ារ៉ា