ខ្សែប្រយុទ្ធ Erling Haaland រកបាន២គ្រាប់ ក្នុងពេលក្រុមBorussia Dortmund ទទួលជ័យជម្នះលើក្រុម Mainz ដោយលទ្ធផល៣-១កាលពីយប់មិញ។
កីឡាករសញ្ចាតិន័រវេសរូបនេះនៅតែមានទម្រង់លេងយ៉ាងល្អទោះបីជាខ្លួនទើបតែជាសះស្បើយពីរបួសក៏ដោយក៏នៅតែអាចរកគ្រាប់បាល់បាន និងជួយឲ្យក្រុម Borussia Dortmund ឡើងមកឈរលើកំពូលតារាងអាល្លឺម៉ង់Bundesligaថែមទៀតផង។
នៅក្នុងការប្រកួតយប់មិញ ម្ចាស់ផ្ទះ Dortmund បាននាំមុខមុនដោយកីឡាករ Marco Reus នៅត្រឹមនាទីទី៣ ហើយការប្រកួតឈានចូលដល់តង់ទី២ទើបខ្សែប្រយុទ្ធវ័យ២១ឆ្នាំ Haaland ស៊ុតបាល់ពិន័យ១១ម៉ែត្របញ្ចូលទីនាំមុខ២ទល់នឹងសូន្យ។ ក្រុមភ្ញៀវតាមបាន១គ្រាប់វិញដោយកីឡាករ Jonathan Burkardtនៅនាទីទី៨៧ ប៉ុន្តែ Erling Haaland អាចបំប៉ោងសំណាញ់ក្រុមភ្ញៀវមួយគ្រាប់ទៀតដែលជាគ្រាប់ទី២របស់ខ្លួននៅជិតចប់ការប្រកួតតែម្តង។
កីឡាករ Marco Reus ដែលជាប្រធានក្រុម Borussia Dortmund បានថ្លែងក្រោយចប់ការប្រកួតថា “វាបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ពិតជាល្អនឹងក្រុមរបស់យើងខ្លាំងណាស់ដោយវិលត្រឡប់មកវិញជាមួយនឹងការស៊ុតបាល់បញ្ចូលទីតែម្តង។ ២គ្រាប់នេះពិតជាអស្ចារ្យហេតុដូចនេះហើយទើបពួកយើងចុះកិច្ចសន្យាទិញរូបគាត់មកលេងជាមួយពួកយើង។”
គួរបញ្ជាក់ថា Erling Haaland ស៊ុតបាល់បញ្ចូលទីបាន៤៩គ្រាប់ក្នុងការបង្ហាញខ្លួន៤៩ដងនៅក្នុងក្របខ័ណ្ឌអាល្លឺម៉ង់Bundesliga ហើយរកបាន៧០គ្រាប់ក្នុងការបង្ហាញខ្លួនគ្រប់កម្មវិធីទាំងអស់៦៨លើកឲ្យក្រុម Borussia Dortmund។
ប្រភពរូប៖ BBC and Channel News Asia