West Ham រកបាន៣ពិន្ទុពី Everton ខណៈ Tottenham ឡើងឈរលេខ៥នៅលីកកំពូលអង់គ្លេស

ចែករំលែក៖

ការប្រកួតបាល់ទាត់ក្របខ័ណ្ឌអង់គ្លេស Premier League សម្រាប់សប្តាហ៍ទី៨ បានរកឃើញក្រុមដែលទទួលបាន៣ពិន្ទុបន្ថែម និងក្រុមដែលបរាជ័យ។ ក្នុងនោះការប្រកួតកាលពីយប់ថ្ងៃទី១៧ ខែតុលា ក្រុមភ្ញៀវ២ក្រុមបានទទួលជ័យជម្នះរៀងៗខ្លួន ដោយក្រុមញញួរធំ West Ham យកឈ្នះក្រុមស្ករគ្រាប់ Everton ក្នុងលទ្ធផល១ទល់០។ ចំណែកក្រុមមាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះក្រុម Newcastle United ក្នុងលទ្ធផល៣ទល់២។

ការប្រកួតក្នុងតង់ទី១រវាងក្រុម Everton និងក្រុម West Ham គឺមិនមានគ្រាប់បាល់បញ្ចូលទីកើតឡើងនោះទេ ដោយក្រុមទាំង២នៅរក្សាលទ្ធផល០ទល់០។ ចូលដល់តង់ទី២ ក្រុមភ្ញៀវបានមានប្រៀបជាងក្រុមម្ចាស់ផ្ទះ ដោយព្យាយាមដាក់សម្ពាធទៅលើក្រុម Everton ហើយនៅនាទីទី៧៤ កីឡាករ Ogbonna រកបាន១គ្រាប់ឲ្យក្រុមញញួរធំ West Ham ក្រោយពីការលើកបាល់ចេញពីជ្រុង ហើយខ្សែការពាររូបនេះក៏ហក់តែតបញ្ចូលទីបានសម្រេច។

ជ័យជម្នះនេះធ្វើឲ្យក្រុមញញួរធំ West Ham រកបាន៣ពិន្ទុបន្ថែមហក់ឡើងមកឈរចំណាត់ថ្នាក់លេខ៧ មាន១៤ពិន្ទុ ស្មើពិន្ទុជាមួយក្រុមបិសាចក្រហម Manchester United ដែលកំពុងឈរលេខ៦បណ្តោះអាសន្នដែរ។

ចំណែកក្រុមមាន់ខ្នាយមាស Tottenham បានយកឈ្នះក្រុមម្ចាស់ផ្ទះ Newcastle ក្នុងលទ្ធផលយ៉ាងប្រផិតប្រផើយ ៣ទល់២។ ការប្រកួតក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះមានឱកាសរកគ្រាប់បាល់នាំមុខមុននៅនាទីទី២ ដោយកីឡាករ Wilson ប៉ុន្តែនៅនាទីទី១៧ កីឡាករ Ndombèlé របស់ក្រុម Tottenham រកបាន១គ្រាប់សងវិញ ហើយនៅនាទីទី២២ ខ្សែប្រយុទ្ធ និងជាប្រធានក្រុម Herry Kane រកបាន១គ្រាប់បន្ថែមទៀតធ្វើឲ្យក្រុមមាន់ខ្នាយមាសមានឱកាសនាំមុខក្រុមម្ចាស់ផ្ទះ។

ចូលដល់នាទីទី៤៥+៣ ជិតចប់ការប្រកួតទៅហើយ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិកូរ៉េខាងត្បូង Son Heung-Min រកបាន១គ្រាប់បន្ថែមទៀត រហូតដល់ចប់ការប្រកួតក្នុងតង់ទី១ ក្រុមភ្ញៀវ Tottenham នាំមុខក្រុម Newcastle ៣ទល់១។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមមាន់ខ្នាយមាស Tottenham បានបន្តដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះបន្តទៀត រហូតដល់នាទីទី៨៣ កីឡាករ Shelvey របស់ក្រុមម្ចាស់ផ្ទះ Newcastle បានបង្កកំហុសធ្វើឲ្យអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួត។ នៅនាទីទី៨៩ ជិតចប់ការប្រកួតទៅហើយ កីឡាករ Eric Dier របស់ក្រុមមាន់ខ្នាយមាស Tottenham បានភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯង ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវយកឈ្នះក្រុមម្ចាស់ផ្ទះ ក្នុងលទ្ធផល៣ទល់២។

លទ្ធផលនេះធ្វើឲ្យក្រុមមាន់ខ្នាយមាសបានបន្តឈរលេខ៥បណ្តោះអាសន្ននៅលីកកំពូលអង់គ្លេសសម្រាប់សប្តាហ៍ទី៨នេះ ដោយមាន១៥ពិន្ទុ ស្មើជាមួយក្រុមលេខ៤ Brighton មាន១៥ពិន្ទុដូចគ្នា និងចាញ់ក្រុមកំពូលតារាង Chelsea ៣ពិន្ទុ ដែលមាន១៨ពិន្ទុនៅក្នុងដៃ ។

ក្រុម Tottenham នឹងត្រូវបន្តប្រកួតជាមួយក្រុម Vitesse ក្នុងក្របខ័ណ្ឌ UEFA Europa Conference League ក្នុងពូលG នៅថ្ងៃទី២១ ខែតុលា ខណៈដែលក្រុម West Ham នឹងត្រូវប្រកួតជាមួយក្រុមភ្ញៀវ Genk ក្នុងក្របខ័ណ្ឌ UEFA Europa League នៅថ្ងៃទី២២ ខែតុលាខាងមុខ ៕

...

(រូបភាព ៖ BBC Sport )ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print