ប្រទេសកូរ៉េ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែតបានសំដែងនូវទឹកចិត្តរំភើបរីករាយដ៏ពន់ពេក ដោយលោកបានថ្លែងថាៈ ខ្ញុំមានសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែង ដែលបានមកជួបសំណេះសំណាលដោយផ្ទាល់ ជាមួយបងប្អូន ពលករ ពលការិនី សិស្ស និស្សិត និងប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងបម្រើការនៅសាធារណរដ្ឋកូរ៉េរាប់ពាន់នាក់ ក្នុងកម្មវិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅក្រុងគុនផូ។
ខ្ញុំសូមសម្តែងនូវសេចក្តី អំណរគុណយ៉ាងក្រៃលែងចំពោះព្រះតេជគុណ រិន សារ៉ូ តំណាង មជ្ឈមណ្ឌលពុទ្ធសាសនាខ្មែរដែលបាន អញ្ចើញរូបខ្ញុំ និងក្រុមការងារចូលរួមក្នុងពិធីចូលឆ្នាំនាថ្ងៃនេះ។
ខ្ញុំសូមអរគុណនិងកោតសរសើរចំពោះការរៀបចំកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្កលក្ខណៈ អោយប្រជាពលរដ្ឋខ្មែរយើងបានជួបជុំគ្នាសប្បាយរីករាយ ក៍ដូចជាការចូលរួមថែរក្សា នូវប្រពៃណីទំនៀម ទំលាប់ខ្មែរ ដែលឆ្លុះបញ្ចាំងពី មនោសញ្ចេតនា ស្រឡាញ់ ថែរក្សា ការពារ និងលើកស្ទួយមរតកវប្បធម៌ អរិយធម៌ជាតិ ព្រមទាំងបង្ហាញពីការរឹតចំណងសាមគ្គីភាព ភាតរភាព និងឥរិយាបថដ៏ល្អប្រពៃ ក្នុងនាម ជាជនរួមជាតិខ្មែរតែមួយ ទោះបីជាយើងកំពុងរស់នៅទីកន្លែងណា ក៏ដោយ៕
ដោយ៖ សុខ ខេមរា