ខេត្តពោធិ៍សាត់៖ យោងតាមប្រភពពីរដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់អោយដឹងថា កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់ និងសិក្ខាសាលាឆ្លុះបញ្ចាំងការអភិវឌ្ឍសមត្ថភាព ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលបានដំណើរការពេញមួយថ្ងៃ តាមកម្មវិធីដែលបានគ្រោងទុក នៅសាលប្រជុំមជ្ឈមណ្ឌលអភិវឌ្ឍន៍ប៊ុនរ៉ានីហ៊ុនសែន ត្រូវបានធ្វើពិធីបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។
កិច្ចប្រជុំ និងសិក្ខាសាលាខាងលើនេះ សហការរៀបចំដោយ សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តពោធិ៍សាត់, វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ និងអង្គការ អេអេអាក់ស្យុង(Aide et Action) ក្រោមការឧបត្ថម្ភពីសហភាពអឺរ៉ុប ដោយបានការចូលរួមពីអភិបាលរងខេត្ត ប្រធានសម្ព័ន្ធភាពជាតិ និងមន្ត្រី ប្រធានមន្ទីរពាក់ព័ន្ធ តំណាងអង្គការដៃគូរ ក្រុមប្រឹក្សាសមាគម លេខាធិការ និងជំនួយការសមាគម សរុបប្រមាណ៧៤រូប។
គោលបំណងនៃកិច្ចប្រជុំ និងសិក្ខាសាលានេះ គឺដើម្បីពង្រឹងស្ថាប័ន និងសមត្ថភាពប្រតិបត្តិនៃសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត និងសមាជិកនៅក្នុងខេត្តគោលដៅទាំង៦ ត្រូវជា៣៧ក្រុងស្រុក និង៣១៣ឃុំសង្កាត់ ដើម្បីរួមចំណែកលើកកម្ពស់គណនេយ្យភាព តម្លាភាព ការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងក្រុមងាយរងគ្រោះ ដោយមានគោលបំណងជាក់លាក់ចំនួន០២គឺ៖
១-បង្កើតសមត្ថភាពរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត និងសមាជិកដើម្បីអាចកំណត់ និងដោះស្រាយបញ្ហា និងតម្រូវការនានារបស់សហគមន៍ និងក្រុមងាយរងគ្រោះ។
២-គាំទ្រដល់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត ក្នុងការបង្កើតគំនិតផ្តួចផ្តើមនានា ដែលមានលក្ខណៈច្នៃប្រឌិត ដើម្បីដោះស្រាយបញ្ហាអាទិភាព និងតម្រូវការរបស់ក្រុមប្រឹក្សា និងក្រុមងាយរងគ្រ៖ នៅក្នុងតំបន់គោលដៅ។
ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំ និងសិក្ខាសាលា លោក ជាវ តាយ បានសាទរចំពោះលទ្ធផលផ្លែផ្កា ដែលផ្តល់ឱកាសឱ្យក្រុមប្រឹក្សាសមាគម ត្រួតពិនិត្យ និងវាយតម្លៃ លើសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២១ សម្រាប់ជាមេរៀន និងបទពិសោធន៍ល្អៗ ឈានទៅកំណត់ទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២២ ដើម្បីលើកកម្ពស់ និងពង្រឹងការអនុវត្តសិទ្ធិ អំណាច តួនាទី និងការទទួលខុសត្រូវស្របច្បាប់ របស់ក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នៅទូទាំងខេត្ត។ ជាការពិតណាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ គឺជាដៃគូដ៏សំខាន់មិនអាចខ្វះបាន ក្នុងដំណើរការរៀបចំ និងអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនាពេលកន្លងមក។
លោកសូមស្នើដល់ថ្នាក់ដឹកនាំ ក្នុងជួរសមាគមក្រុមប្រឹក្សាទាំងអស់ សូមបន្តផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ ជាមួយគ្នានោះត្រូវចូលរួមអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» និងត្រូវចូលរួមអនុវត្តវិធានការសុខាភិបាល ក៏ដូចជាវិធានការ «៣កុំ ៣ការពារ» របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពិសេសក្នុងបរិបទនៃមេរោគបំប្លែងថ្មី។ ជាចុងបញ្ចប់ លោកសង្ឃឹមជឿជាក់ថា សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តពោធិ៍សាត់ ក្រោយពីបញ្ចប់កិច្ចប្រជុំ និងសិក្ខាសាលានេះហើយ នឹងបន្តផ្សព្វផ្សាយ ព្រមទាំងយកទៅអនុវត្តន៍ ឱ្យទទួលបានផ្លែផ្កា និងសម្រេចតាមផែនការដែលបានគ្រោងទុក៕
ដោយ, សិលា