ភ្នំពេញ៖ នេះបេីយោងតាមប្រភពព័ត៍មានពីមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងនៅរសៀលថ្ងៃពុធទី២០ ខែតុលា ឆ្នាំ២០២១នេះថា៖ ភេសជ្ជៈជាច្រើនមុន, អាល់កុលក្លែងក្លាយ, ទំនិញចម្រុះខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ត្រូវបានធ្វើការដកហូត និងកម្ទេចចោល បន្ទាប់ពីមន្រ្តីជំនាញចុះត្រួតពិនិត្យនៅតាមបណ្ដាហាង ម៉ាត និងផ្សារនានា នៅខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រះវិហ៊ា ខេត្តក្រចេះ និងខេត្តឧត្តរមានជ័យ។
ប្រភពដដែល បន្តថា ដើម្បីធានាការពារផលប្រយោជន៍ សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការយល់ដឹងពាក់ព័ន្ធអំពើមិនសុចរិត លើអ្នកប្រើប្រាស់ នៅថ្ងៃទី១៨ និង១៩ ខែតុលា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេត សាខា ក.ប.ប. ប្រចាំខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រះវិហ៊ា ខេត្តក្រចេះ និងខេត្តឧត្តរមានជ័យបានចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារគ្រប់ប្រភេទដែលដាក់លក់នៅលើទីផ្សារ និងបានធ្វើការចែកខិត្តប័ណ្ណផ្សព្វផ្សាយអប់រំសុខភាព និងការយល់ដឹងស្ដីពីអំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈក្នុងខេត្តទាំងប្រាំខាងលើ។
ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលបានរកឃើញ និងដកហូតភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុលដែលហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២៩៨ លីត្រ និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៥៩ លីត្រ និងទំនិញចម្រុះខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ២៥.៧៤ គីឡូក្រាមមកកម្ទេចចោលភ្លាមៗ និងបានធ្វើការពិន័យអន្តរការណ៍ទៅតាមច្បាប់ដែលមានចែងផងដែរ៕
ដោយ៖សហការី