ខេត្តបន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ មានពលករបម្រុងឆ្លងដែនទៅប្រទេសថៃចំនួន៣៧នាក់ ក្នុងនោះមានស្រី១៣នាក់ កុមារ២នាក់ នៅត្រង់ភូមិសាស្ត្រអូរព្រំដែន ភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្រោមបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ បានចាត់តាំងឧត្ដមសេនីយ៍ត្រី រិទ្ធ រ៉ម មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ។ ដោយអនុវត្តតាមបទបញ្ជា មេបញ្ជាការ រូបលោកបានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នាសហការជាមួយកម្លាំងចម្រុះដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ជាក់ស្តែងនៅយប់ថៃ្ងទី១៩ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ លោក អនុសេនីយ៍ទោ ស រិទ្ធ មេគ្រប់គ្រងគោលដៅផ្នែកសឹករងម៉ាឡៃ បានដឹកនាំកម្លាំងទៅសហការជាមួយកងពលតូចថ្មើរជើរលេខ៥១ និងនគរបាលវរសេនាតូចព្រំដែនលេខ៨១៥ចុះល្បាតនៅតាមបន្ទាត់ព្រំដែន ហើយបានជួបពលករបម្រុងឆ្លងដែនចេញទៅប្រទេសថៃ ខណៈនោះត្រូវបានកម្លាំងចម្រុះធ្វើការឃាត់ខ្លួនបានតែម្តង។
ក្រោយពីឃាត់ខ្លួនបាន កម្លាំងចម្រុះបានសាកសួរ និងបានអប់រំណែនាំ រួចក៏ប្រគល់ឱ្យកម្លាំងកងរាជអាវុធហត្ថស្រុកដើម្បីសាកសួរបន្តរកមុខសញ្ញាមេខ្យល់ដែលតែងតែញុះញុង់ឱ្យបងប្អូនឆ្លងដែនទៅធ្វើការដោយគ្រោះថ្នាក់ និងប្រថុយប្រថានបែបនេះ។
សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្តត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការសហការជាមួយកម្លាំងចម្រុះទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួនបញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់៕
ដោយ៖ សូរិយា