លោក នេត ភក្រ្តា : សូមចែករំលែកចំណេះដឹង៖ ត្រីបបែលយក្សជាត្រីទឹកសាបមានទំហំធំជាងគេបំផុតនៅកម្ពុជា 

ចែករំលែក៖

ភ្នំពេញ, នៅព្រលប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោក នេត ភក្រ្តា អ្នកនាំពាក្យ និងរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា, ក្រៅពីត្រីរាជ និងត្រីគល់រាំង ត្រីបបែលយក្សគឺជាប្រភេទត្រីទឹកសាបមានទំហំធំជាងគេបំផុតនៅកម្ពុជា។ ត្រីបបែលយក្សនេះត្រូវបានគេដឹងថាជាត្រីមួយនៅក្នុងចំណោមត្រីមានទំហំធំបំផុតនៅលើផែនដី។ ត្រីបបែកនៅកម្ពុជាមាន ៥ ប្រភេទ ហើយត្រីបបែលយក្សគឺជាត្រីទឹកសាបដែលមានទំហំធំជាងគេ។ ត្រីបបែលយក្សនេះអាចលូតលាស់ និងអាចមានទម្ងន់រហូតទៅដល់ជាង ៦០០ គីឡូក្រាម និងមានប្រវែងរហូតដល់ជាង៥ម៉ែត្រ គិតរួមទាំងកន្ទុយវាផង។ សូមកុំច្រឡំថាជាប្រភេទត្រីសមុទ្រ តែជាប្រភេទត្រីទឹកសាបដែល គេរកឃើញមានវត្តមាននៅតាមដងទន្លេមេគង្គ និងទន្លេសាប។

លោកបន្តថា, យោងតាមអ្នកសិក្សាស្រាវជ្រាវពីប្រភេទត្រីបបែលយក្សនេះ ត្រីបបែលយក្សទឹកសាប ត្រូវបានរកឃើញថាមានវត្តមានតាមដងទន្លេមេគង្គកម្ពុជា គឺចាប់ពីខេត្តស្ទឹងត្រែង ចុះមកដល់ខេត្តក្រចេះ ពេលខ្លះដល់ខេត្តព្រៃវែង ហើយត្រីបបែលទឹកសាបយក្សនេះ គឺជាត្រីមួយក្នុងចំណោមត្រីធំបំផុតនៅលើផែនដី។ ត្រីបបែល ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម របស់អង្គការ IUCNជាប្រភេទសត្វកំពុងរងការគំរាមកំហែង។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា, អ្នកសិក្សាបានលើកឡើងថា កម្ពុជាគឺជាទីសុខសាន្តជាងគេរបស់ត្រីបបែលយក្សដែលកំពុងមានវត្តមាន ជាពិសេសគឺនៅតំបន់ព្រែកកាំពី ក្នុងខេត្តក្រចេះ តែទោះយ៉ាងណាជាការព្រួយបារម្ភដែលចំនួនត្រីបបែលយក្សមានការថយចុះជាលំដាប់ដោយដោយសារតែការនេសាទខុសច្បាប់។ ត្រីបបែលយក្ស មានលក្ខណៈសម្គាល់ខ្លះៗ គឺបាតពោះមានពណ៌ត្នោតប្រផេះ ហើយជាយក្រែងនៃពោះមានពណ៌ខ្មៅ ខណៈកន្ទុយគឺមានប្រវែងកន្ទុយវែងជាងដងខ្លួន និងប្រវែងដងខ្លួនអាចលូតលាស់រហូតដល់ ៣ ម៉ែត្រ។ វាមានវត្តមាន នៅទន្លេមេគង្គ និងទន្លេសេកុង ដែលមានបាតខ្សាច់ និងចរន្តទឹកមិនហូរ ហើយមានប្រភេទខ្លះនៅពេលរដូវបន្តពូជ វានឹងផ្លាស់ទីទៅសមុទ្រដើម្បីបន្តពូជ ដោយកើតកូនបានម្តងៗមានចំនួនច្រើន ហើយកូនដែលកើតមកមានទំហំប្រមាណ ៣០សង់ទីម៉ែត្រ ហើយវាលាក់កូនក្នុងស្រកី នៅអំឡុងខែ៧-ទៅ៩ខែ។ ចំពោះចំណីរបស់ត្រីបបែល គឺស៊ីត្រី សត្វឥតឆ្អឹងកង និងសត្វល្អិតជាអាហារ។ ត្រីបបែលយក្សអាចរស់នៅក្នុងអាយុប្រហែល ១០ឆ្នាំ ប៉ុន្តែវាគឺជាប្រភេទត្រីដែលរីកធំធាត់លឿនបំផុត ដូចជាត្រីគល់រាំងជាដើម។

ត្រីបបែលត្រូវបានកំណត់ដោយ អនុក្រឹត្យលេខ១២៣ អនក្រ.បក. ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីការកំណត់ប្រភេទផល ផលិតផលជលផលដែលកំពុងរងគ្រោះថ្នាក់។ សព្វថ្ងែនេះ ប្រជានេសាទនៅតាមដងទន្លេមេគង្គ ចាប់បានម្តងម្កាលប៉ុណ្ណោះដោយមង ដែលមានទម្ងន់ពី ៤-៥៥ គីឡូក្រាម។ ដើម្បីរក្សាផលស្តុកត្រីបបែល នៅតាមទន្លេមេគង្គនៅកម្ពុជា គឺសូមចៀសវាងការទិញប្រភេទត្រីបបែលនេះ យកមកបរិភោគ ដែលជាវិធានការមួយដើម្បីចូលរួមការពារ និងអភិរក្សប្រភេទត្រីដែលកំពុងរងការគំរាមកំហែងនេះផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print