ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញដែលមានកំពស់ ១២ជាន់កន្លះ។
នេះជាមោទនភាពសំរាប់រាជធានីភ្នំពេញ ចំពោះការរីកចម្រើនយ៉ាងឆាប់ហ័ស ដែលផ្ទុយខុសគ្នាស្រឡះ ពីឆ្នាំ១៩៧៥ ដែលបានទុកចោលទីក្រុងភ្នំពេញអោយក្លាយជាទីក្រុងខ្មោច។ ជាការល្អប្រសើរហើយ ដែលស្ថាប័ននីមួយៗមានមានកន្លែងល្អធ្វើការ តែសូមអោយការងារមានគុណភាពនិងប្រសិទ្ឋភាព។
ថ្ងៃនេះ សម្តេចតេជោ បានប្រកាសលុបចោលគម្រោងសាងសង់ផ្លូវល្បឿនលឿន (Express Way) ពីភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ដូច្នេះប្រជាពលរដ្ឋមិនចាំបាច់ធ្វើការតវ៉ា ឬ បង្កើត ជា វេទិកាសាធារណៈអ្វីឡើយ។ ជាមួយគ្នានេះដែរ សម្តេចតេជោ បានបញ្ជាក់សារជាថ្មីថា ចំពោះបងប្អូន ប្រជាពលរដ្ឋដែលរស់នៅលើដីចុះបញ្ជីសារពើពន្ឋអស់រយៈពេលជាង ៣០ ឆ្នាំកន្លងមកនៅក្នុងរាជធានី ភ្នំពេញគឺត្រូវកាត់ និងផ្តល់ជូនកម្មសិទ្ឋិស្របច្បាប់ ដើម្បីពលរដ្ឋអាចធ្វើការអភិវឌ្ឍបានដោយគ្មានការ ភ័យខ្លាចតទៅទៀត។
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកខ្លាំងៗដល់ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ ត្រូវមើលផ្លូវក្នុងរាជធានីភ្នំពេញអោយបានហ្មត់ចត់គ្រប់ទីកន្លែង ហើយបង្កើនការជួសជុលផ្លូវខូចខាតអោយបានល្អ បើនៅតែមិនយកចិត្តទកដាក់គឺនឹងដកចេញពីការងារ។ សម្តេចតេជោ អរគុណប្រជាពលរដ្ឋដែលបានទាក់ទងសរសេរសារ និងផ្តល់ព័ត៌មានមកកាន់សម្តេចដោយផ្ទាល់តាមFacebook រួមទាំងការផ្តល់ជាសារសំណួរទាក់ទងនិងផ្លូវដែលបានធ្វើហើយ គឺមិនមានការតាមដានជួសជុល ហើយ ទុកផ្លូវអោយកាន់តែខូចខាតធ្ងន់ធ្ងរឡើង និងមួយចំនួនទៀតធ្វើហើយគឺគាស់កាយដាក់លូ ឬខ្សែកាប ផ្សេងៗដែលធ្វើអោយខូចផ្លូវ និងរំខានយ៉ាងខ្លាំងដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ដូច្នេះ សាលារាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់ពិនិត្យនិងដោះស្រាយបញ្ហាទាំងនេះអោយបានល្អ។
ចំពោះមន្រ្តីខិលខូចមួយចំនួន ដែលក្រឡុកនាំឲ្យមានភាពអសកម្មក្នុងការផ្តល់សេវាសាធារណៈអាចជាអ្នកដែលមាននិន្នាការបម្រើបក្សក្រៅរដ្ឋាភិបាល គឺត្រូវចាប់ខ្លួន ចៀសវាងការបង្កឲ្យខូចកេរ្តិ៍ឈ្មោះមន្រ្តី ល្អៗ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំជំរុញឲ្យមន្រ្តីថ្នាក់ក្រោមជាតិទាំងអស់ ត្រូវប្រឹងប្រែងផ្តល់សេវាសាធារណៈ ជាពិសេសសេវាតម្រូវការចាំបាច់ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងឆាប់រហ័ស តម្លៃត្រឹមត្រូវតាមច្បាប់កំណត់ ដើម្បីកុំបង្កឲ្យមានភាពថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ។
មុននឹងបញ្ចប់កម្មវិធី សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពាក់មេដាយកិត្តិយសជួនដល់មន្រ្តីមួយចំនួនដែលមានស្នាដៃល្អ និងបានកាត់ខ្សែបូរសម្ពោធអគារដ្ឋបាលថ្មីចាប់ដាក់អោយប្រើប្រាស់ពីពេលនេះតទៅ ព្រមទាំងបានអញ្ជើញទស្សនាអគាថ្មីនេះ ហើយបានអញ្ជើញពិនិត្យមើលការបង្ហាញរថយន្តបោសសំអាតផ្លូវបែបទំនើប របស់សាលាក្រុងផងដែរ៕
សុខ ខេមរា