ក្រុមហង្សក្រហម Liverpool បានធ្វើឱ្យក្រុម Manchester United និងគ្រូបង្វឹកក្រោមសម្ពាធរបស់ពួកគេលោក Ole Gunnar Solskjaer ចាញ់យ៉ាងអាម៉ាស់មុខ ខណៈដែលពួកគេបានផ្តួលក្រុមបិសាចក្រហមនៅកីឡដ្ឋាន Old Trafford ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងលទ្ធផល៥ទល់០កាលពីយប់ថ្ងៃទី២៤ ខែតុលាម្សិលមិញ។
នៅថ្ងៃនៃការអាម៉ាស់យ៉ាងធ្ងន់ធ្ងរសម្រាប់ Man United និងលោកSolskjaer រយៈពេល១០ឆ្នាំ និងចាប់តាំងពីពួកគេបានចាញ់ ៦-១ នៅផ្ទះ Manchester City មក។ ខ្សែប្រយុទ្ធឆ្នើម Mohamed Salah ត្រូវបានគេទាយទុកជាមុនថា ជាកីឡាករដ៏សំខាន់របស់ក្រុមហង្សក្រហម ខណៈដែលខ្សែប្រយុទ្ធអេហ្ស៊ីបរូបនេះបានស៊ុតបញ្ចូលទីរហូតដល់ទៅ៣គ្រាប់នៅជំនួបនេះ ។
ការប្រកួតក្នុងតង់ទី១ ក្រុមភ្ញៀវហង្សក្រហម Liverpool ធ្វើបានល្អ ដោយបានដាក់សម្ពាធទៅលើក្រុមម្ចាស់ផ្ទះ និងរកបានគ្រាប់បាល់រហូតដល់ទៅ៤គ្រាប់ ដែលគ្រាប់ទី១រកបានដោយកីឡាករ Naby Keita នៅនាទីទី៥, គ្រាប់បាល់ទី២រកបានដោយកីឡាករ Diogo Jota នៅនាទីទី១៣, គ្រាប់ទី៣ និងទី៤រកបានដោយកីឡាករ Mohamed Salah ម្នាក់ឯងនៅនាទីទី៣៨ និងនាទីទី៤៥+៥។
ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមភ្ញៀវនៅតែមានឱកាសរកបានគ្រាប់បាល់១គ្រាប់ទៀត នៅនាទីទី៥០ ដោយខ្សែប្រយុទ្ធ Mohamed Salah ដដែល មុនពេលដែលខ្សែបម្រើ Pogba ត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួត ក្រោយពីមានកំហុសទៅលើកីឡាករក្រុម Liverpool។
អ្នកគាំទ្រក្រុម Manchester United ជាច្រើនបានចាកចេញនៅពេលសម្រាកក្នុងតង់ទី១ ហើយការឆ្លើយតបរបស់ លោក Solskjaer គឺដាក់Paul Pogba ជំនួស Mason Greenwood ប៉ុន្តែការផ្លាស់ប្តូរកីឡាករមួយចំនួនមិនបានធ្វើឲ្យក្រុមបិសាចក្រហមរកបានគ្រាប់ទៅលើក្រុមភ្ញៀវនោះទេ។
លទ្ធផលនេះធ្វើឲ្យក្រុហង្សក្រហម Liverpool បន្តកាន់កាប់លេខ២បណ្តោះអាសន្នក្នុងតារាងលីគកំពូលអង់គ្លេស ដោយមាន២១ពិន្ទុ ចាញ់ក្រុមលេខ១ តោខៀវ Chelsea ១ពិន្ទុ ដែលមាន២២ពិន្ទុ ខណៈក្រុមលេខ៣គឺ Manchester City មាន២០ពិន្ទុ។ ចំណែកក្រុមបិសាចក្រហម Manchester United ក្រោយពីចាញ់យប់មិញបានធ្លាក់មកឈរចំណាត់ថ្នាក់លេខ៧ មានតែ១៤ពិន្ទុប៉ុណ្ណោះ ក្នុង៩ប្រកួតកន្លងមក ៕
\
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)