ភ្នំពេញ, លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, តាមការទទួលព័ត៌មានជាបន្តបន្ទាប់ បានឱ្យដឹងថាខេត្តមួយចំនួនរបស់យើងបាន និងកំពុងប្រឈមនឹងស្ថានភាពទឹកជំនន់ ដោយក្នុងនោះរួមមានខេត្តកំពង់ស្ពឺផងដែរ។
លោកបានថ្លែងបន្តទៀតថា, ឆ្លើយតបនឹងសភាពកាណ៍នេះ បើទោះបីជាខ្ញុំមិនបានចុះទៅពិនិត្យទីតាំងរងគ្រោះដោយផ្ទាល់ តែខ្ញុំបាន និងកំពុងបន្តតាមដាន និងវាយតម្លៃជាប់ជាប្រចាំជាមួយក្រុមការងារក្នុងមូលដ្ឋានផ្ទាល់ ដើម្បីត្រៀមលក្ខណៈលើគ្រប់ទិដ្ឋភាពតាមលទ្ធភាពដែលអាចធ្វើទៅបាន ជាពិសេសលើកិច្ចការជួយសម្រាលទុក្ខលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយការជន់លិចក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺយើង។
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុនម៉ានី បានបន្តថា, ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរខេត្ត ក្រុង ស្រុក ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលបានជួយសម្រួល និងដោះស្រាយបញ្ហាភ្លាមៗជូនដល់ប្រជាពលរដ្ឋតាមតំបន់ដែលជន់លិចខ្លាំងនាពេលថ្មីៗនេះ និងការបន្តវាយតម្លៃស្ថានភាពទឹកជំនន់ជាបន្តបន្ទាប់។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តការយកចិត្តទុកដាក់ខ្ពស់ និងបន្តការប្រុងប្រយ័ត្នចំពោះសមាជិកគ្រួសារ ជាពិសេសកូនៗតូចដែលងាយរងគ្រោះថ្នាក់ នៅតាមតំបន់ជន់លិច៕
ដោយ, សុខ ខេមរា