លិខិតរបស់ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌​​ស្តីអំពីការកោះហៅ និងការចូលរួម​របស់នគរបាល​យុត្តិធម៌នៅក្នុងនីតិវិធីនៃការស៊ើបសួរ និង​ការជំនុំជម្រះ​សំណុំរឿងពាក់ព័ន្ធនឹងបទល្មើស​គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ, លិខិតរបស់ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌​​ស្តីអំពីការកោះហៅ និងការចូលរួម​របស់នគរបាល​យុត្តិធម៌នៅក្នុងនីតិវិធីនៃការស៊ើបសួរ និង​ការជំនុំជម្រះ​សំណុំរឿងពាក់ព័ន្ធនឹងបទល្មើស​គ្រឿងញៀន។ នេះបើយោងតាមលិខិតដែលអង្គភាព”នគរដ្រេហ្គន” ទទួលបាននៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជម្រាបមក លោកប្រធានសាលាដំបូងរាជធានី-ខេត្ត លោក លោកស្រី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី ខេត្ត

កម្មវត្ថុ ៖ អំពីការកោះហៅ និងការចូលរួមរបស់នគរបាលយុត្តិធម៌នៅក្នុងនីតិវិធីនៃការស៊ើបសួរ និង ការជំនុំជម្រះសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។

យោង ៖ មាត្រា ៧៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

តបតាមកម្មវត្ថុ និងយោងខាងលើ សូម លោក លោកស្រី ជ្រាបថា នៅក្នុងរយៈពេលកន្លង មកនេះ ជាពិសេសនៅក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌនៅតាមសាលាដំបូងរាជធានី-ខេត្ត ក្រសួងយុត្តិធម៌បានពិនិត្យឃើញថា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្តទាំងអស់បាន ខិតខំប្រឹងប្រែងចាត់ការសំណុំរឿងព្រហ្មទណ្ឌ ដែលក្នុងនោះភាគច្រើនជាសំណុំរឿងពាក់ព័ន្ធនឹងបទល្មើស គ្រឿងញៀន បានយ៉ាងឆាប់រហ័ស និងជាច្រើនករណី ស្របតាមនីតិវិធីនៃច្បាប់ជាធរមាន។ ប៉ុន្តែ ទន្ទឹមនេះ ក្រសួងយុត្តិធម៌ក៏បានពិនិត្យឃើញផងដែរថា ការកោះហៅឱ្យចូលរួម និងការស្ដាប់ចម្លើយមន្ត្រីនគរបាល ឬ ភ្នាក់ងារនគរបាលយុត្តិធម៌ ក្នុងឋានៈជាសាក្សី នៅក្នុងនីតិវិធីស៊ើបសួរ និងការជំនុំជម្រះរបស់តុលាការនៅក្នុង សំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនមួយចំនួន នៅមិនទាន់បានអនុវត្តឱ្យបានត្រឹមត្រូវស្របតាមនីតិវិធី ច្បាប់ ដែលមានចែងក្នុងមាត្រា ៧៤ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ថា “ក្នុងនីតិវិធីនៃការ ស៊ើបសួរ និងការជំនុំជម្រះ, តុលាការត្រូវកោះហៅ និងស្តាប់ចម្លើយមន្ត្រីនគរបាល ឬភ្នាក់ងារនគរបាលយុត្តិធម៌ ដែលបានចូលរួមក្នុងការស៊ើបអង្កេត និងស៊ើបសួរ ក្នុងឋានៈជាសាក្សី” នៅឡើយ។

ក្រសួងយុត្តិធម៌សូមបញ្ជាក់ជូនថា វត្តមានចូលរួមរបស់នគរបាលយុត្តិធម៌ ក្នុងឋានៈជាសាក្សី នៅ ក្នុងដំណើរការនីតិវិធីរបស់តុលាការចំពោះចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន តាមមាត្រា ៧៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន គឺមិនត្រឹមតែជាការបំពេញនូវលក្ខខណ្ឌផ្នែកនីតិវិធីដែលកំណត់ ដោយច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែ ក៏មានសារៈសំខាន់ និងមានភាពចាំបាច់ក្នុងការធានាសុក្រឹតភាពនៃការស្វែងរកការពិត, ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ក៏ដូចជាធានាបាននូវចំណាត់ការរឿងក្ដីប្រកបដោយភាពត្រឹមត្រូវស្របតាមច្បាប់។ អាស្រ័យហេតុនេះ សូម លោក លោកស្រី ពិនិត្យ និងចាត់ចែងពង្រឹងការអនុវត្តនីតិវិធីស្របតាមខ្លឹមសារ នៃមាត្រា ៧៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននេះឱ្យមានប្រសិទ្ធភាពខ្ពស់។

សូម លោក លោកស្រី ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print