ភ្នំពេញ៖ ក្បាលនាគពុះចែកទ្រូងផ្លូវចំនួន ២កង់បានបាក់រាបដល់ដី បន្ទាប់ពីបុរសម្នាក់ស្រវឹងស្រាងោកមួយភាំង បើករថយន្តបុកទាំងកំរោលធ្វើឲ្យរថយន្ត ដាច់កាឡេកង់មុខចំហៀងខាងឆ្វេងទៅមុខលែងរួច ។
ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីទៀបភ្លឺថ្ងៃទី៦ ខែមេសា តាមបណ្តោយផ្លូវ២១៧ នៅចំណុចមុខធនាគារកាណាឌីយ៉ា ស្ថិតនៅក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតាកាមរី ហាយប្រីត ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2R 8123 បើកបរដោយបុរសម្នាក់ ទើបនឹងចេញមកពីជប់លៀងនៅផ្ទះមិត្តភក្តិក្នុង គោលបំណងត្រឡប់ទៅផ្ទះវិញដោយធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿន យ៉ាងលឿន។ លុះពេលមកដល់ចំណុចកើតហេតុអ្នកបើកបរទំនងងុយដេកខ្លាំងហើយស្រវឹងផងបានរេ ចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចនិងបាក់អស់១កង់។ ពេលនោះរថយន្តបង្កខំបើកទៅមុខទៅដល់មុខធនាគារកាណាឌីយ៉ា ក្នុងសង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករា ក៏ជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវម្តងទៀតបាក់អស់មួយកង់ទៀតធ្វើឲ្យ រថយន្តដាច់កាឡេកង់ខាងឆ្វេងទៅមុខលែងរួច ។
ប្រភពដដែលឲ្យដឹងទៀតថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានទុករថយន្តចោលរួចបម្រុងគេចខ្លួនតែសមត្ថកិច្ចមូលដ្ឋានបានមកដល់បានឃាត់ខ្លួនទាននិងបានហៅនគរបាលចរាចរណ៍មកស្ទូចយករយន្តនេះទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករួមជាមួយអ្នកបើកបររូបនេះផងដែរ ៕
ដោយ៖ ប្រាថ្នា