លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីច្បាប់អាស៊ានលើកទី១១ (11th ASEAN Law Ministers Meeting-ALAWMM) តាមប្រព័ន្ធវីដេអូ (Blue Jean)

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ, លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីច្បាប់អាស៊ានលើកទី១១ (11th ASEAN Law Ministers Meeting-ALAWMM) តាមប្រព័ន្ធវីដេអូ (Blue Jean) នៅទីស្ដីការក្រសួងយុត្ដិធម៌។

កិច្ចប្រជុំរដ្ឋមន្រ្តីច្បាប់អាស៊ានលើកទី១១ នេះ ត្រូវបានរៀបចំឡើងដោយប្រទេសម៉ាឡេស៊ីដែលជាប្រធានប្តូរវេន និងដោយមានកិច្ចសហការពីលេខាធិការដ្ឋានអាស៊ាន ព្រមទាំងមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីក្រសួងច្បាប់និងសិទ្ធិមនុស្ស និងអគ្គរដ្ឋអាជ្ញា នៃបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០ ផងដែរ។

ជាលទ្ធផល, កិច្ចប្រជុំរដ្ឋមន្រ្តីច្បាប់អាស៊ានលើកទី១១ បានអនុម័តលើឯកសារសំខាន់ៗចំនួន ២ គឺ៖

(១)-របាយការណ៍ស្ដីពីលទ្ធផលនៃកិច្ចប្រជុំឧត្ដមមន្ដ្រីច្បាប់អាស៊ានលើកទី ១៩

និង (២)-សេចក្ដីថ្លែងការរួមនៃកិច្ចប្រជុំរដ្ឋមន្ដ្រីច្បាប់អាស៊ានលើកទី១១។ ជារួម ខ្លឹមសារសំខាន់ៗ នៃសេចក្ដីថ្លែងការរួមនៃកិច្ចប្រជុំរដ្ឋមន្ដ្រីច្បាប់អាស៊ានលើកទី១១ មានដូចខាងក្រោម៖

១. អង្គប្រជុំបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមនានា ដែលបានចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់និងតុលាការក្នុងអាស៊ាន ក៏ដូចជាការគាំទ្រដល់កិច្ចដំណើរការរបស់សហគមន៍អាស៊ានដោយឈរលើមូលដ្ឋានច្បាប់ ជាពិសេស ការលើកតម្កើងការយល់ដឹង និងការយល់ពីគ្នាទៅវិញទៅមកអំពីប្រព័ន្ធច្បាប់ និងយុត្តិធម៌នៃបណ្តាប្រទេសអាស៊ាន, សុខដុមនីយកម្មនៃច្បាប់ពាណិជ្ជកម្មអាស៊ាន, ការពង្រឹងសមត្ថភាពរបស់អាស៊ានក្នុងការបង្ការបទល្មើសនិងយុត្តិធម៌ព្រហ្មទណ្ឌ និងការកសាងនីតិរដ្ឋ

២. អង្គប្រជុំក៏បានសម្ដែងការអបអរសាទរចំពោះការតម្លើងសន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌទៅជាសន្ធិសញ្ញាអាស៊ាន (ASEAN Treaty) និងការបញ្ចូលការងារជំនួយទៅវិញទៅមកនេះជាអង្គភាពជំនាញអាស៊ានថ្មីមួយបន្ថែមទៀត (ASEAN Sectoral Ministerial Bodies) ក្រោមសសរស្តម្ភនៃសហគមន៍សន្តិសុខ-នយោបាយអាស៊ាន នៃកិច្ចប្រជុំរដ្ឋមន្ត្រី/រដ្ឋអាជ្ញាអាស៊ាននៃអាជ្ញាធរកណ្តាលស្តីពីសន្ធិសញ្ញាការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ (ASEAN Ministers/Attorney-General Meeting of the Central Authorities on Mutual Legal Assistance in Criminal Matters “AMAG-MLAT”) និងកិច្ចប្រជុំឧត្តមមន្ត្រីនៃអាជ្ញាធរកណ្តាលស្តីពីសន្ធិសញ្ញាការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ (Senior Officials’ Meeting of the Central Authorities on Mutual Legal Assistance in Criminal Matters “SOM-MLAT”)។

៣. អង្គប្រជុំក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការផ្តួចផ្តើមរៀបចំឱ្យមានសន្ធិសញ្ញាស្តីពីបត្យាប័នអាស៊ាន ដោយពិចារណាទៅលើគំរូសន្ធិសញ្ញាស្តីពីបត្យាប័នរបស់អង្គការសហប្រជាជាតិ ព្រមទាំងសន្ធិសញ្ញាស្តីពីបត្យាប័នតំបន់ ឬអន្តរជាតិផ្សេងទៀត ដោយក្រុមការងារឧត្តមមន្ត្រីច្បាប់អាស៊ាន ទទួលបន្ទុកតាក់តែងសេចក្តីព្រាងសន្ធិសញ្ញាអាស៊ានស្តីពីបត្យាប័ន ។

៤. អង្គប្រជុំបានសម្ដែងនូវការគាំទ្រ និងបើកទទួលយកនូវរាល់កិច្ចសហប្រតិបត្ដិការពីដៃគូអន្ដរជាតិជាមួយអាស៊ាន ដើម្បីឈានទៅរកការអភិវឌ្ឍក្នុងតំបន់ តួយ៉ាងដូចជាកិច្ចសហប្រតិបត្ដិការរវាងឧត្ដមមន្ដ្រីច្បាប់អាស៊ាន-ជប៉ុន និងការចូលរួមរបស់សន្និសិទទីក្រុងហេកលើច្បាប់ឯកជនអន្ដរជាតិ (The Hague Conference on Private International Law) ជាដើម។

៥. អង្គប្រជុំ បានអនុម័តលើអនុសាសន៍របស់ឧត្តមមន្រ្តីច្បាប់អាស៊ាន ក្នុងការបង្ខិតចន្លោះពេលនៃកិច្ចប្រជុំឧត្តមមន្រ្តីច្បាប់អាស៊ាន (ASLOM) មកត្រឹម ១២ ខែម្តង និងកិច្ចប្រជុំរដ្ឋមន្រ្តីច្បាប់អាស៊ាន (ALAWMM) មកត្រឹម ២៤ ខែម្តង ផងដែរ។

ជាចុងបញ្ចប់អង្គប្រជុំបានសម្តែងអំណរគុណចំពោះប្រទេសហ្វីលីពីនដែលបានស្នើធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំឧត្តមមន្រ្តីច្បាប់អាស៊ានលើកទី២១ នៅឆ្នាំ២០២២ និងប្រទេសមីយ៉ាន់ម៉ាដែលបានស្នើធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំឧត្តមមន្រ្តីច្បាប់អាស៊ានលើកទី២២។ កិច្ចប្រជុំរដ្ឋមន្រ្តីច្បាប់អាស៊ានលើកទី១២ គ្រោងនឹងរៀបចំនៅខែតុលា ឆ្នាំ២០២៣ នៅប្រទេសមីយ៉ាន់ម៉ា៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print