ភ្នំពេញ៖ ទំនប់សណ្តស្ទឹងព្រែកត្នោត ដែលបានបាក់នៅត្រង់ភូមិកន្ទុយទឹកជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលាសង្កាត់ទៀនបានបិទជាប់វិញទាំងស្រុងហើយ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ពោលគឺមិនមានទឹកហូរចេញពីស្ទឹងព្រែកត្នោតទៀតទេ។
សូមបញ្ជាក់ថា៖ នៅរសៀល ថ្ងៃទី២៨ខែតុលានេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានចុះទៅកាន់ទីនោះដើម្បីជំរុញការងារទប់កន្លែងទឹកច្រោះដាច់នេះ។ ការឈានទៅដល់ការទប់ទំនប់នេះបានឡើងវិញមិនមែនបានមកដោយភាពងាយ ស្រួលនោះទេ តែវាពិតជាបានមកពីការខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់របស់អាជ្ញាធររាជធានីភ្នំពេញរួមជាមួយក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប និងកម្លាំងកងអង្គរក្សរបស់សម្តេចតេជោ។
ក្រុមការងារនិងក្រុមបច្ចេកទេសនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះបានបន្តបេសកកម្មបិទភ្ជិតនៅចំណុចទំនប់ទំនប់បាក់លើសណ្តស្ទឹងព្រែកត្នោត ត្រង់ភូមិកន្ទុយទឹកជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា ក្នុងសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញបន្តទៀត ហើយជាលទ្ធផលនៅរសៀលនេះការបិទភ្ជិតនេះទទួលបានជោគជ័យ។ នៅវេលាម៉ោងយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយសារស្ថានភាពទឹកហូរមកលើខ្លាំងពេក បានបណ្តាលឱ្យចំណុចទំនប់បាក់លើសណ្តស្ទឹងព្រែកត្នោត ដែលជាទ្វារទឹកពីមុន (ប្រឡាយ៨៥) ក្រោយមកត្រូវបានបិទមិនឱ្យដំណើរការ បានជ្រាបទឹករហូតធ្លាយពីខាងក្រោមតែម្តង។ ប៉ុន្តែភ្លាមៗនោះ ក្រុមការងារក្រសួងធនធានទឹក អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ និងកងកម្លាំងសមត្ថកិច្ច បានរួមគ្នាជួយទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរធំ ឡើង ហើយជាលទ្ធផលនៅរសៀលនេះការបិទភ្ជិតនេះទទួលបានជោគជ័យហើយ៕. ដោយ សំរិត