ខេត្តស្ទឹងត្រែង: ក្នុងការឃុបឃិតគ្នាជាមួយមន្ត្រីជំនាញ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធមួយចំនួន ទើបបទល្មើសដំណើរការបានយ៉ាងរលូន ទើបធ្វើឲ្យដីព្រៃរបស់រដ្ឋ ដីព្រៃសហគមន៍ ដីសប្បទាន និងដីព្រៃឡង់ ដែលគ្រប់គ្រងដោយមន្ត្រីបរស្ថាន កំពុងតែរងនូវការកាប់ទន្រ្ទាន ឈូសឆាយ វាយកម្ទេចដីព្រៃស្រោង ដីព្រៃគ្រប់រូបភាព យកធ្វើជាកម្មសិទ្ធិស្របច្បាប់។ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម តាមរយ:ពីប្រជាពលរដ្ឋមួយចំនួន ដែលពួកគាត់រស់នៅក្នុងមូលដ្ឋាន ពួកគាត់សឹងតែអស់ជំនឿទៅលើមន្ត្រីជំនាញ សមត្ថកិច្ចនិងអាជ្ញាធរមួយចំនួន ដោយរាយការណ៍ជូនទៅហើយតែសកម្មភាពល្មើសច្បាប់ រាល់ការកាប់ទន្ទ្រានយកសណ្តដីព្រៃ ហើយក៏ស្ងាត់សកម្មភាពនៅដដែល កាន់តែផ្គើនខ្លាំងឡើងៗ ធ្វើឲ្យព្រៃឈើរងនៅការគម្រាមកំហែង ជារៀងរាល់ថ្ងៃទើបពួកគាត់សម្រេចចិត្ត រាយការណ៍ជូនអ្នកសារព័ត៌មានក្នុងខេត្ត ដើម្បីផ្សព្វផ្សាយគោលបំណងចង់ឲ្យចុះផ្សាយ ដើម្បីបានជ្រាបដល់ថ្នាក់លើ មកធ្វើកិច្ចអន្តរាគមន៍ទប់ស្កាត់បង្ក្រាបទាន់ពេលវេលា។
ក្រោយការចុះផ្សាយនៅសកម្មភាពគ្រឿងចក្រ អារកាប់ព្រៃដីសហគមន៍ ដីព្រៃរបស់រដ្ឋគ្រប់គ្រងដោយក្រសួងកសិកម្ម ជាប់គ្នានៅចំណុចអូរចំណាប ភូមិទាល់ ឃុំអន្លង់ភេ និងនៅចំណុចព្រៃស្លឹក ក្បាលអឹម ភូមិក្របី១ ឃុំចំការលើ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ទើបមានប្រតិកម្មបន្តបន្ទាប់ ពីសំណាក់មន្ត្រីជំនាញ អាជ្ញាធរ ជាពិសេសអ្នកសារព័ត៌មាន ១,២នាក់ ក្នុងខេត្ត ប្រហែលជាធ្លាប់ទទួលផលឬលាភសក្ការ: ពីស្ត្រីថៅកែគ្រឿងចក្រដុះស្លែ ដែលមន្ត្រីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ពាក់ព័ន្ធមួយចំនួន ដែលយកកន្ទេលធំបន្លំដែក ធ្វើឲ្យប៉ះពាល់:ពាល់ដល់ស្ថាប័នរដ្ឋ ប៉ះពាល់ដល់អង្គភាព ដោយសារមន្ត្រីគ្រាប់ល្ពៅមួយក្តៅតូច ពាក់ស្បែកមន្ត្រីរាជការ មិនបំពេញកាតព្វកិច្ចខ្លួនបម្រើរាស្ត្រ បែជាកេងចំណេញបម្រើក្រុមឧក្រិដ្ឋជនបំផ្លិចបំផ្លាញធនធានធម្មជាតិទៅវិញ។ ពាក់ព័ន្ធករណីខាងលើលោកស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តឲ្យដឹងនៅថ្ងៃទី២៧ថា: លោកបានចាត់កម្លាំងមន្ត្រីក្រោមឱវាទចុះធ្វើការ ចុះឃាត់ខ្លួនជនសង្ស័យប្រាំនាក់ពាក់ព័ន្ធការកាប់ រុករានទន្ទ្រានដីក្នុងតំបន់ហាមឃាត់ ដែនជម្រកសត្វព្រៃ ព្រៃឡង់។ លោកប្រធានមន្ទីរបញ្ចាក់ថា: ការឃាត់ខ្លួនជនសង្ស័យខាងលើ គឺស្ថិតក្នុងទឹកដីខេត្តព្រះវិហារ បច្ចុប្បន្នក្រោយកសាងសំណុំរឿងរួច បញ្ចូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ ហើយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ប្រធានមន្ទីរបរិស្ថានខេត្ត ក៏បានចេញសេចក្តីប្រកាសព័ត៌មានប្រតិកម្មរហ័សភ្លាមៗ ជាសាធារណៈក្នុងការទប់ស្កាត់ បង្ក្រាបរាល់បទល្មើសជាក់ស្តែង ដែលកើតមាន។ តែប្រជាពលរដ្ឋក៏បានសុំសំណូមពរយ៉ាងទទូច ដល់អាជ្ញាធរមូលដ្ឋានសមត្ថកិច្ច ជាពិសេសមន្ត្រីជំនាញ សូមឲ្យអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ជៀសវាងវាយស្មៅបង្អើលពស់ ទឹករលកតែគ្មានត្រី ធ្វើបានតែអ្នកក្រស៊ីឈ្នួលអ្នកមាន ជាប់គុកដោយសំអាងលើបទល្មើសជាក់ស្តែង តែមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ មួយចំនួនឃុបឃិតប្រព្រឹត្តជាមួយមេឈ្មួញល្មើសច្បាប់ ថៅកែគ្រឿងចក្រមួយចំនួន ហាក់ដូចជាធូរលុង។ សូមឲ្យសមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ច គួរតែចាត់វិធានការក្តៅ ទៅលើបទល្មើសគ្រប់រូបភាព ដើម្បីធានាបាននូវជំនឿ និងទំនុកចិត្តដល់ពលរដ្ឋ៕ ដោយ:មាស សុផាត