ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ សាលក្រមឧទ្ធរណ៍ ដែលលោកស្រីចាន់ ម៉ាឌីណា ជាចៅក្រមជំនុំជំម្រះក្ដី បានសម្រេចផ្ទន្ទាទោសបុរសម្នាក់ដាក់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មដោយចេតនា ព្រោះតែជននោះបានរំលោភ-សម្លាប់នារីម្នាក់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងភូមិគោល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល ដោយសារតែគេខឹងចាស់ទុំដែលបានផ្ដាច់ពាក្យ ហើយបំបែកនាងពីរូបគេ។
ជនជាប់ចោទឈ្មោះ ធឿន នី ភេទប្រុស អាយុ២៣ឆ្នាំ ជាកសិករ។ រីឯជនរងគ្រោះឈ្មោះ ផន ស្រីនាង អាយុ១៨ឆ្នាំ កម្មការិនីរោងចក្រ ទាំង២នាក់រស់នៅភូមិ-ឃុំកើតហេតុជាមួយគ្នា។
គួររំលឹកថា នារីរងគ្រោះ និងជនជាប់ចោទ ធ្លាប់ស្រឡាញ់គ្នា និងបានឲ្យចាស់ទុំចូលស្តីដណ្តឹងភ្ជាប់ពាក្យរួចទៅហើយ។ ប៉ុន្តែកន្លងទៅបាន៣ខែ ស្រាប់តែចាស់ទុំខាងស្រីផ្តាច់ពាក្យទៅវិញ ។ តែ ទោះជាយ៉ាងណានារីរងគ្រោះ និងជនជាប់ចោទនៅតែលួចមានទំនាក់ទំនងស្នេហាជាមួយគ្នាដដែល។ លុះដល់ថ្ងៃកើតហេតុ ដែលមានពិធីបុណ្យដារលាននៅក្នុងភូមិខាងលើ ដោយមានគំនុំក្នុងចិត្ត ជនជាប់ចោទក៏បានល្បួង រួចចាប់រំលោភអតីតគូដណ្តឹង ហើយក៏ច្របាច់-កសម្លាប់បំបិទមាត់។ ក្រោយកើតហេតុថ្ងៃបន្ទាប់ ទើបមានគេប្រទះឃើញសពនារីរងគ្រោះ និងហើយរាយការណ៍ទៅសមត្ថកិច្ចឲ្យស្រាវជ្រាវរកមុខសញ្ញាជនល្មើសនោះ ធ្វើឲ្យជនជាប់ចោទខាងលើមានការភិតភ័យចំពោះអំពើអមនុស្សធម៌របស់ខ្លួន ក៏លេបថ្នាំប៉ងសម្លាប់ខ្លួនឯង តែមិនបានសម្រេច ទើបសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់មកក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង៕