លោក ចូ បៃដិន «សុំទោស» មេដឹកនាំពិភពលោកលើការដកខ្លួន ចេញពីកិច្ចព្រមព្រៀងអាកាសធាតុ​ ចំពោះអ្វីដែលអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បានធ្វើ

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​សម្តីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែង «សុំទោស» មេដឹកនាំពិភពលោកទាំងឡាយ ក្នុង​កិច្ចប្រជុំកំពូលអាកាសធាតុពិភពលោក «COP26» របស់អង្គការសហប្រជាជាតិ (UN) ដែលបានប្រារព្ធឡើងនៅទីក្រុង ក្លាសកូវ (Glasgow) ប្រទេសស្កុតលែន នៅថ្ងៃចន្ទទី​០១​ ខែវិច្ឆិកា​ម្សិលមិញនេះ​ ចំពោះអ្វីដែលអតីតរដ្ឋបាលលោក ដូណាល់ ត្រាំបានធ្វើ។ ទី​ភ្នាក់ងារ​ Reuters បាននិយាយបន្ថែមថា​ ចំពោះ​ការថ្លែងបែបនេះរបស់លោក ចូ បៃដិន គឺចង់សំដៅទៅលើការដកខ្លួន ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ ២០១៥ ដោយអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលត្រូវបានធ្វើឡើងជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ជាការប៉ះប៉ូវមកវិញ ក្នុងនាមជាប្រធានាធិបតីអាមេរិក ដែលជាតួអង្គសំខាន់បំផុត នៅក្នុងគោលដៅនេះ, លោក ចូ បៃដិន បានសន្យាកាត់់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បន្ថែមទៀត។ ជាក់ស្ដែង​លោកប្រធានាធិបតីអាមេរិករូបនេះ​ បានថ្លែងចំពោះមុខកិច្ចប្រជុំកំពូល COP26 យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាខ្ញុំមិនគួរសុំទោសទេ… ប៉ុន្តែខ្ញុំពិតជាសូមអភ័យទោស ចំពោះការពិតដែលថា រដ្ឋបាលមុនរបស់សហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាហេតុជំរុញឲ្យដំណើរការទាំងមូល ត្រូវបានបង្អាក់បន្តិច… ដោយហេតុនេះហើយ ទើបការចេញសកម្មភាពដំបូងរបស់ខ្ញុំ ក្នុងការចូលកាន់តំណែងកាលពីខែ មករា នោះគឺត្រូវចូលរួមកិច្ចព្រមព្រៀងនេះឡើងវិញ…» ។ គួររម្លឹកថា​ អតីត​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ កាលពីអំឡុងពាក់កណ្តាលឆ្នាំ ២០១៧ បានប្រកាសពីផែនការដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែលត្រូវបានបង្កើតឡើងដោយលំបាក កាលពីសម័យនៃអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា។ ការដកខ្លួនចេញនោះ គឺស្ថិតក្នុងការហេតុផលដែលលោក ត្រាំ ផ្ទាល់បានអះអាងថា វាជាកិច្ចព្រមព្រៀងដែលនាំឱ្យសហរដ្ឋអាមេរិកចាញ់ប្រៀបគេ និងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ព្រោះតែការសម្លាប់ការងារពលរដ្ឋអាមេរិក។ គួរបញ្ជាក់ថា​ បើ​ទោះជាយ៉ាងណា នៅក្នុងសម័យកាលដឹកនាំប្រទេសរបស់លោក ចូ បៃដិន បានសន្យាថា ការប្រយុទ្ធប្រឆាំងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ មានតែនឹងជំរុញឲ្យសេដ្ឋកិច្ចរីកចម្រើន មិនមែនរងផលប៉ះពាល់នោះទេ។ មិនតែប៉ុណ្ណោះ​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ក៏បានសង្កត់ធ្ងន់ថា រដ្ឋបាលដឹកនាំរបស់លោកគឺ «នឹងបញ្ចេញសកម្មភាព មិនមែនតែពាក្យសម្តីនោះទេ»៕ដោយ​៖ស​ តារា

...

​ រូបភាព​៖CNN ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែង «សុំទោស» មេដឹកនាំពិភពលោកទាំងឡាយ ក្នុង​កិច្ចប្រជុំកំពូលអាកាសធាតុពិភពលោក «COP26» រូបភាព​៖ Reuters​ មេដឹកនាំពិភពលោកទាំងឡាយ ក្នុង​កិច្ចប្រជុំកំពូលអាកាសធាតុពិភពលោក «COP26»

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print