ភ្នំពេញ, សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធវីដេអូ ដើម្បីផ្សព្វផ្សាយពីច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីការទូតកម្ពុជានៅ តាមស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមធ្វើបទ អន្តរាគមន៍ដោយ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែល បានខិតខំប្រឹងប្រែងអស់រយៈពេល ៦ឆ្នាំ ក្នុងការសិក្សាស្រាវជ្រាវ និងតាក់តែងរហូតធ្វើឱ្យច្បាប់ស្តីពី វិនិយោគថ្មីនេះលេចចេញជារូបរាងឡើង។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចពីបច្ច័យ អវិជ្ជមាន ដែលកើតចេញពីវិបត្តិនៃជំងឺកូវីដ-១៩ និងសង្គ្រាមពាណិជ្ជកម្ម ដែលធ្វើឱ្យសេដ្ឋកិច្ច សកល និងរំហូរវិនិយោគផ្ទាល់ពីបរទេសទូទាំងពិភពលោកមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ឯការ ប្រកួតប្រជែងរបស់មហាអំណាចដែលធ្វើឱ្យប្រែប្រួលសណ្ដាប់ធ្នាប់អន្តរជាតិ ក៏បានដាក់សម្ពាធដល់ តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងបានប៉ះពាល់ដល់មជ្ឈភាព និងសាមគ្គីភាពអាស៊ាន និងទំនាក់ទំនងរបស់ អង្គការតំបន់នេះជាមួយដៃគូខាងក្រៅ។ លោកឧបនាយករដ្ឋមន្ត្រី ជឿជាក់យ៉ាងមុតមាំថា ការ ដាក់ឱ្យប្រើនូវច្បាប់វិនិយោគថ្មីនេះ ត្រូវបានធ្វើឡើងចំពេលវេលាដែលកម្ពុជាត្រូវការស្ដារឡើងវិញនូវ សង្គម-សេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ-១៩ និងធ្វើឱ្យកម្ពុជាក្លាយជាទិសដៅដ៏ទាក់ទាញមួយសម្រាប់ វិនិយោគិន។ ការដាក់ឲ្យប្រើនូវច្បាប់ថ្មីនេះក៏ស្របពេលដែលរាជរដ្ឋាភិបាលសម្រេចឱ្យបើកដំណើរការ សកម្មភាពសេដ្ឋកិច្ច និងប្រទេសឡើងវិញជាបណ្តើរៗ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ និង វិនិយោគិនបរទេស ពិសេសទេសចរណ៍ចាក់វ៉ាក់សាំង និងការកំណត់គោលនយោបាយតំបន់ ទេសចរណ៍សុវត្ថិភាព។
ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ច្បាប់វិនិយោគថ្មីនេះនឹងដើរតួនាទី”នចុះ) យ៉ាងសំខាន់ដល់ការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ប្រសិទ្ធភាព និងទទួលបានជោគជ័យ តាមរយៈស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសទាំងអស់ដែល ជាសេនាធិការរបស់ក្រសួងកបទ.ស ក្នុងការកៀរគរដៃគូវិនិយោគថ្មីប្រកបដោយសក្តានុពលខ្ពស់ ចូលមកប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រីប្រតិភូ សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមាន របស់ លោកឧបនាយករដ្ឋមន្ត្រី ដែលបានចូលរួមជ្រោមជ្រែងកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយ ច្បាប់ស្ដីពីវិនិយោគថ្មីនេះជូនដល់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីការទូតកម្ពុជានៅតាមស្ថានតំណាង កម្ពុជានៅបរទេសទាំងអស់ ដែលជាយុទ្ធសាស្ត្រដ៏មុតស្រួចក្នុងការបង្ហាញពីកាលានុវត្តភាពនៅកម្ពុជា សំដៅទាក់ទាញការវិនិយោគប្រកបដោយគុណភាពបន្ថែម។ លើសពីនេះ លោករដ្ឋមន្ត្រីប្រតិភូ ក៏ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាប្រចាំរបស់ក្រសួងកបទ.សអ ព្រមទាំងស្ថានតំណាងកម្ពុជា ប្រចាំនៅក្រៅប្រទេសទាំងអស់ ដែលជានិច្ចកាលតែងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិនិយោគ និងផ្សព្វផ្សាយ ពីបរិស្ថានវិនិយោគនៅកម្ពុជាជូនដល់វិនិយោគិនបរទេស៕