ឧទ្ទាម៨នាក់ និងទាហានម្នាក់បាត់បង់ជីវិត​ក្នុងមួយថ្ងៃនៅ​អាហ្វហ្គានីស្ថាន

ចែករំលែក៖

កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន​បានប្រកាសថា កាលពីថ្ងៃទី២០ ខែកក្កដា ក្រុមឧទ្ទាមលីបង់៨នាក់ត្រូវបានសម្លាប់ និងទាហានម្នាក់​បាន​បាត់បង់ជីវិត នៅក្នុងសកម្មភាពវាយឆ្មក់​ស្ថិតនៅភាគខាងជើង តំបន់ Kunduz  និងតំបន់​ភាគ​ខាងកើតតំបន់ប៉ាទីកា និងខេត្ត Nangarhar  ក្នុងរយៈពេល២៤ម៉ោង។ សេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិបានបន្តថា ក្រុមឧទ្ទាម១២នាក់ រួមមានមេដឹកនាំក្រុមឧទ្ទាមប្រចាំតំបន់ ឈ្មោះ Safi Ullah ផងដែរ​បានរងរបួសធ្ងន់ និង៣នាក់​ផ្សេងទៀតត្រូវបានចាប់ខ្លួនផ្តន្ទាទោសឲ្យជាប់ឃុំនៅក្នុងពន្ធនាគារ។ ប្រភពបញ្ជាក់ថា ក្នុងអំឡុង​ពេលជាមួយគ្នានេះដែរ ទាហានរដ្ឋាភិបាលម្នាក់បានទទួលរងគ្រោះថ្នាក់ដល់អាយុជីវិត។ ប្រភពបន្តថា ក្រុមជំនាញរបស់កម្លាំងទាហានអាហ្វហ្គានីស្ថាន​បានបំផ្លាញ​ និងរកឃើញទីតាំង​បង្កប់គ្រាប់បែក​នៅតាមដងផ្លូវ១៧កន្លែងរបស់ក្រុមឧទ្ទាម ហើយបានកម្ទេច និងបំផ្លាញវាចោល​ទាំងអស់។ អំពើហិង្សា​បង្កឡើងដោយក្រុមឧទ្ទាមលីបង់នៅក្នុងទឹកដីអាហ្វហ្គានីស្ថានគឺនៅតែបន្តកើត​មានឡើងជារៀងដរាបមក ។ កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន​បានផ្តោត​ប្រតិបត្តិការយ៉ាងសំខាន់ក្នុងការបោសសម្អាតក្រុមឧទ្ទាមទាំងនេះឲ្យផុតរលត់អស់ពីទឹកដីអាហ្វហ្គានីស្ថាន និងដាក់ជំនួសដោយកងកម្លាំងសន្តិសុខយាមកាមការពារសុវត្ថិភាពជូនពលរដ្ឋ បន្ទាប់ពីប្រទេសនេះត្រូវកងទ័ពអង្គការណាបញ្ចប់បេសកកម្ម និងដកចេញទៅកាន់​ប្រទេស​រៀងខ្លួន ហើយទុកឲ្យកងសន្តិសុខរដ្ឋាភិបាលជាអ្នករ៉ាប់រងសន្តិសុខប្រឈមជាមួយក្រុមឧទ្ទាម​លីបង់នោះ។ ក្រុមឧទ្ទាមលីបង់ ជានិច្ចកាលតែងតែធ្វើការឆ្លើយតបជាមួយកម្លាំងទាហានដោយការ​បំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារ បង្កអសន្តិសុខជាខ្លាំង។ កាលពីដើមសប្តាហ៍នេះ សមាជិកគណៈកម្មការដើម្បីសន្តិភាពប្រចាំភាគខាងកើតខេត្ត Wardak បានទទួលរងគ្រោះដោយការបាញ់ប្រហារពីខ្មាន់កាំភ្លើង ខណៈដែលកំពុងមានវត្ត​មាននៅភាគខាងលិចទីក្រុងកាប៊ូល អាហ្វហ្គានីស្ថាន។ នេះបើតាមការបញ្ជាក់ប្រាប់​ពីប៉ូលិស​ក្នុង​ទីក្រុងកាប៊ូលកាលពីថ្ងៃទី២១ ខែកក្កដា ៕

df2d650d-2653-4e5e-95c3-ee19ea19aad7

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print