ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងមាត់ ដល់កងកម្លាំងតាមបណ្តាកងឯកភាពចំណុះទាំងអស់ ត្រូវយកចិត្ដទុកដាក់សហការជាមួយកងកម្លាំងចម្រុះក្នុងការរឹតបណ្តឹង ល្បាត នៅតាមខ្សែបន្ទាត់ព្រំដែន ការពារឲ្យបានការលួចឆ្លងដែន និងបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រ និងតាមគោលដៅត្រួតពិនិត្យរបស់ខ្លួន។
ជាមួយនិងការពង្រឹងការអនុវត្តបទបញ្ជានេះ កម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងឧត្តមរមានជ័យ បានសហការជាមួយក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា ប្រចាំច្រក អូរស្មាច់ ច្រកថ្មដូន និងច្រកជប់គគីរ និងសហការជាមួយ កងពលតូចដឹកជញ្ជូនលេខ៩៩ កងកម្លាំងចម្រុះ មន្រ្តីជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់ ប្រមូល និងដឹកជញ្ជូនប្រជាពលករ ដែលត្រឡប់មកពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ទៅដាក់នៅក្នុងមណ្ឌលចត្តាឡីស័ក ជាមួយគ្នានោះកម្លាំងមួយផ្នែកបាននៅប្រចាំការ ការពារ នៅតាមទីតាំងមណ្ឌលចត្តាឡីស័ក ទូទាំងក្នុងខេត្តឧត្តរមានជ័យ។
សូមជម្រាបជូនថា នៅថ្ងៃ០៤ ខែវិច្ឆិកាឆ្នាំ២០២១ មានបងប្អូនប្រជាពលរដ្ឋឆ្លងដែនពីប្រទេសថៃ មកដល់ទឹកដីកម្ពុជា តាមច្រកអន្តរជាតិអូស្មាច់សរុបចំនួន ៩៩នាក់ ស្រី ៣៨នាក់ បានយកទៅធ្វើចត្តាឡីស័កនៅតាមមណ្ឌលទាំង ០៩ ក្នុងខេត្តឧត្តរមានជ័យ៕ ដោយ ស៊ុនហេង