ភ្នំពេញ៖ នាល្ងាចថ្ងៃទី៩ខែមេសាឆ្នាំ២០១៦នេះ កីឡាករ អ៊ុំ ចំរើន មកពីក្លិបតាឡីដំរីប្ញទ្ធិ ត្រូវការវាយដណ្តើមយក៣ពិន្ទុពីក្នុងដៃអ្នកប្រដាល់ថៃឈ្មោះSuper Chhai នៅវគ្គប្រកួតជម្រុះសប្តាហ៍ទី២ ជុំទី២ឆ្លងទៅវគ្គខ្វែងពូល ដណ្ដើមពានរង្វាន់ជើងឯក «អធិរាជស៊ីម៉ង់ត៍អូដ្ឋ» វគ្គ៣ទម្ងន់៦៧គីឡូក្រាម នៅលើសង្វៀនTV5 TIFFY ARENA សប្តាហ៍ទី២ របស់កីឡាករទាំង៤នាក់ក្នុងពូលB។
អ៊ុំ ចំរើន មានប្រវត្តិប្រកួត៨៥ដងវាយឈ្នះចំនួន៧០ដង ចាញ់ចំនួន១២ដង ស្មើ៣ដង និងធ្លាប់ផ្ដួលដៃគូ ឲ្យសន្លប់បានចំនួន៣១ដង ប្រកួតចុងក្រោយវាយឲ្យកីឡាករ ធា នុរាជ្យមកពីក្លិបគីសែនមានប្ញទ្ធិ សន្លប់ក្នុងទឹកទី៥ ។ដោយឡែកអ្នកប្រដាល់ថៃ Super Chhai ធ្លាប់ឡើងសង្វៀនបានចំនួន៧៥ដង វាយឈ្នះចំនួន៦០ដង ចាញ់ចំនួន១០ដងស្មើ៥ដងហើយធ្លាប់ផ្ដួលដៃគូប្រកួតឲ្យសន្លប់បានចំនួន១៥ដង។ ទោះបីយ៉ាងណាអ្នកលេងកណ្ដាប់ដៃនិងជើង អ៊ុំ ចំរើន និង Super Chhaiទំនងអាចធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងជាងសប្តាហ៍ទី១ផងដែរ។
Super Chhai ធ្លាប់ជួបជាមួយកីឡាករល្អៗរបស់កម្ពុជា ដូចជា រឿង សោភ័ណ្ឌ, រិទ្ធ អារុណ ,ចាញ់ មឿន សុខហ៊ុច, ឯម ខ្លឹមខ្មៅ , ពេជ្រ សីហា,កន ចន្ថា និង ធី តុងហ៊ី ជាដើម។
ចំណែកកីឡាករធា នុរាជ មកពីក្លិបពោធិជ័យកីឡា ក៏ត្រូវការដណ្តើមយក៣ពិន្ទុពីកីឡាករ កន ចន្ថា មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ ដោយសារតែកាលពីជុំទី១ ធា នុរាជត្រូវអ៊ុំ ចំរើនវាយឲ្យសន្លប់ក្នុងទឹកទី៥។ ធា នុរាជអាយុ២៦ឆ្នាំកម្ពស់១,៦៨ម៉ែត្រមានប្រវត្តិប្រកួតចំនួន៩៥ដង ឈ្នះចំនួន៧៥ដងចាញ់ចំនួន១៥ដង ស្មើ៥ដងក្នុងនោះធា នុរាជធ្លាប់វាយផ្ដួលដៃគូឲ្យសន្លប់បានចំនួន១៦ដង។
ចំពោះកីឡាករកន ចន្ថាមានអាយុ២៥ឆ្នាំកម្ពស់១,៧០ម៉ែត្រមានប្រវត្តិប្រកួតចំនួន១០២ដង វាយឈ្នះចំនួន៨៦ដង ចាញ់ចំនួន១៣ដងស្មើ៣ដងនិងផ្ដួលដៃគូឲ្យសន្លប់បានចំនួន៣០ដង ។ ដូច្នេះ ធា នុរាជ ចង់បាន៣ពិន្ទុពី កន ចន្ថាទំនងជាលំបាកបន្តិចហើយ ពីព្រោះ ចន្ថាមានស្នៀតជង្គង់ល្អណាស់៕
ដោយ៖ សារីម