រដ្ឋាភិបាលចិន បានសម្រេចសាងសង់បង្គន់អនាម័យសាធារណៈមានលក្ខណៈអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ដែលត្រូវចំណាយប្រាក់រហូតដល់ទៅ1,92ពាន់លានដុល្លារ ។
បង្គន់អនាម័យសាធារណៈ មានបំពាក់អិនធឺណែត និងម៉ាស៊ីនដកប្រាក់ ATM ងាយស្រួលដល់ភ្ញៀវទេសចរណ៍អាចដកប្រាក់បានគ្រប់ទីកន្លែង។
សារព័ត៌មាន Straits Times បានផ្សាយថា គម្រោងខាងលើ គឺត្រូវសាងសង់បង្គន់រហូតដល់ទៅ ២៥០០០ កន្លែងនៅទីសាធារណៈទូទាំងប្រទេសចិន ហើយការសាងសង់ឲ្យរួចរាល់នៅក្នុងឆ្នាំ២០១៦នេះ។
គម្រោងវិនិយោគខាងលើ ស្ថិតនៅក្នុងយុទ្ធនាការ«បដិវត្តន៍បង្គន់អនាម័យ» ដើម្បីបង្កើនប្រព័ន្ធបង្គន់អនាម័យសាធារណៈ តាមស្តង់ដារអន្តរជាតិ ស្របទៅតាមប្រទេសដែលមានពលរដ្ឋច្រើនបំផុតនៅលើពិភពលោក។
តាមក្រសួងទេសចរណ៍ចិនបានប្រកាសថាការដែលរដ្ឋាភិបាលទីក្រុងប៉េកាំងសម្រេចចំណាយប្រាក់យ៉ាងច្រើនទៅលើវិស័យខាងលើមានន័យថា ចិនបានផ្តោតសំខាន់លើវិស័យទេសចរណ៍ ដែលជាឧស្សាហកម្មគ្មានផ្សេង អាចជួយបង្កើនកំណើនសេដ្ឋកិច្ចប្រទេសជាតិបានយ៉ាងល្អ។
បង្គន់អនាម័យដែលមានលក្ខណៈស្តង់ដារអន្តរជាតិនោះគឺមានប្រព័ន្ធសន្សំសំចៃភ្លើង ទឹក និងប្រព័ន្ធទប់ស្កាត់ក្លិនចេញមកក្រៅទៀតផង។ ប៉ុន្តែ គម្រោងខាងលើក៏ប្រឈមមុខនៅបញ្ហាជាច្រើនដូចជា ការចំណាយប្រាក់មិនទាន់គ្រាប់គ្រាន់និង ក្រុមហ៊ុនសេវាកម្មសាធារណៈ ខ្វះការសហការជាមួយមន្ត្រីក្នុងតំបន់។ មួយវិញទៀតគឺត្រូវកំណត់ច្បាប់តឹងតែងដើម្បីកុំឲ្យប្រជាពលរដ្ឋទៅបន្ទោរបង់នៅកន្លែងសាធារណផ្សេង ធ្វើឲ្យប៉ះពាល់ដល់បរិយាកាសរស់នៅ។
ចិនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី១នៅលើពិភពលោក ដូច្នេះការបង្កើនសាងសង់បង្គន់អនាម័យសាធារណៈគឺជារឿងដ៏សំខាន់បំផុត សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ និងទប់ស្កាត់ការទៅបន្ទោរបង់នៅតាមតំបន់ស្ងាត់ៗខូចបរិស្ថាន និងប៉ះពល់ដល់ភ្ញៀវទេសចរណ៍៕
ប្រែសម្រួល៖ ម៉ែវ សាធី