លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនី នៅរោងចក្រដេរស្បែកជើងខេមបូថៃ ហ្វូតវៀ ខូអិលធីឌី

ចែករំលែក៖

ខេត្តកំពត: នៅព្រឹកថ្ងៃសៅរ៍ ២កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនី នៅរោងចក្រដេរស្បែកជើងខេមបូថៃ ហ្វូតវៀ ខូអិលធីឌី ដែលមានកម្មករចំនួន ៥៦១នាក់ ស្រី៤៩៨នាក់ អ្នកមានផ្ទៃពោះ១៣នាក់និងរោងចក្រផលិតកូនបាល់ដាប៉ុន កំពតស្ពត ដែលមានកម្មករសរុបចំនួន១៤៨នាក់ ស្រីចំនួន ១៤៤នាក់ អ្នកមានផ្ទៃពោះ១១នាក់។

អញ្ជើញចូលរួមអមដំណើរក្នុងពិធីនេះរួមមានលោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុងកំពត លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត និងសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពត។

មានប្រសាន៍សំណេះសំណាល លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងគិតគូរពីសុខទុក្ខ និងជីវភាពរបស់បងប្អូនកូនក្មួយកម្មករ កម្មការិនី ហើយជាពិសេសក្នុងកាលៈទេសៈដែលពិភពលោក ក៏ដូចព្រះរាជាណាចក្រកម្ពុជាយើងកំពុងយាយីដោយជំងឺកូវីដ១៩។ សម្តេចបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសបងប្អូនកូនក្មួយកម្មករកម្មការិនីយើងក៏សម្តេចបានគិតគូររៀបចំចាក់វ៉ាក់សាំងជូនឲ្យបានគ្រប់ៗគ្នាផងដែរ។ ដូច្នេះបងប្អូនកូនក្មួយត្រូវខិតខំថែរក្សាសុខភាព និងខិតខំបំពេញការងារដែលយើងកំពុងមាន ដើម្បីជីវភាពគ្រួសារយើងបានកាន់តែប្រសើរឡើង។

លោកបានបញ្ជាក់ទៀតថាដោយប្រទេសយើងមានសុខសន្តិភាពពេញបរិបូរណ៍ ទើបក្រុមហ៊ុនវិនិយោគបរទេសគេមករកស៊ីបើករោងចក្រសហគ្រាសនៅក្នុងប្រទេសយើង ដែលបាននាំមកនូវការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋយើងធ្វើ ហើយបានរួមចំណែកកាត់បន្ថយនូវអត្រានៃភាពក្រីក្របានមួយចំណែកធំ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សានូវសុខសន្តិភាពនេះឲ្យបានគង់វង្សសម្រាប់កូនចៅយើងជំនាន់ក្រោយទៀត។ លោកក៏បានសំណូមពរដល់កម្មករ កម្មការរិនី និងម្ចាស់រោងចក្រត្រូវអនុវត្តឲ្យខ្ជាប់ខ្ជួននូវច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោក បានចែកសម្ភារៈ និងថវិកាមួយចំនួនដល់ក្មួយៗកម្មការិនីដែលមានផ្ទៃពោះចំនួន២៤នាក់ ផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print