មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ អញ្ជើញសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ និងយោធិនពិការត្រូវផ្ទេរចេញពីក្របខ័ណ្ឌឆ្នាំ២០២១

ចែករំលែក៖

ខេត្តសៀមរាប: នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការកងពលធំអន្តរាគមន៍លេខ២ បានប្រារព្ធពិធីសំណេះសំណាល បំពាក់ឋានន្តរស័ក្តិ ជូនយោធិនចូលនិវត្តន៍ និងយោធិនពិការ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២១ របស់កងពលធំអន្តរាគមន៍លេខ២ ចំនួន២៥នាក់ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងមានការអញ្ជើញចូលរួម លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង នាយការិយាល័យ និង មេបញ្ជាការអង្គភាពចំណុះ កងពលធំអន្តរាគមន៍លេខ២។

លោកឧត្ដមសេនីយ៍ឯក កែវ ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណ បំណាច់យ៉ាងធំធេងរបស់នាយទាហាន នាយទាហានរង ចូលសោធននិវត្តន៍ និងពិការ ដែលបានធ្វើពលិកម្មយ៉ាង ច្រើនក្នុងការបំពេញភារកិច្ចកន្លងមក ចាប់ពីរំដោះប្រទេសជាតិ និងទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ ជាពិសេសបានចូលរួមយ៉ាងសកម្មជាប្រតិបត្តិករនយោបាយ ឈ្នះ-ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពនិងការឯកភាពជាតិពេញលេញនាពេលនេះ។ គំរូវីរភាពដ៏ល្អផូរផង់នេះនឹងបានដិតជាប់ក្នុងក្រឳបេះដូងអ្នកជំនាន់ក្រោយយ៉ាងពិតប្រាកដ។ ថ្វីត្បិត លោក អស់លោក លោកស្រីបានចេញពីជួរកងយោធពលខេមរភូមិន្ទ ផ្ទេរទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តយកចិត្តទុកដាក់គិតគូរជួយដោះស្រាយគ្រប់កាល:ទេស:ដល់បងប្អូនអតីតយុទ្ធជនជានិច្ច។

លោកឧត្តមសេនីយ៍ឯក កែវ ធី ក៏បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ទៅរស់នៅមូលដ្ឋានសូមថែរក្សាសុខភាពជាចម្បង និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមវិធានការរបស់សម្តេចតេជោ ៣កុំ ៣ការពារ ដើម្បីចៀសឆ្ងាយពីជំងឺកូវីដ-១៩ សុំបងប្អូនចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព ចូលរួមចំណែកអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ហើយសូមជួយផ្តល់បទពិសោធន៍ល្អៗ ដល់យុវជនជំនាន់ក្រោយ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែសម្បូរសប្បាយជឿនលឿនថែមទៀត។

ក្នុងឱកាសនេះ កែវ ធី ក៏បានផ្តល់កិត្តិយសបំពាក់ឋានន្តរស័ក្តិ និងប្រគល់ថវិការបស់សម្តេចតេជោ ដែលផ្តល់ជូនតាមរយៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ជូនដល់យោធិនចូលនិវត្តន៍ និងយោធិនពិការ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ២០០,០០០រៀលសម្រាប់ប្រើប្រាស់ផងដែរ។

បងប្អូនយោធិនដែលត្រៀមចូលនិវត្តន៍ទាំង ២៥នាក់ សូមគោរពថ្លែងអំណរគុណចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហុ៊ន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់យោធិននៅក្នុងអង្គភាព​ និងអតីតយុទ្ធជននៅទូទាំងប្រទេស ហើយបានប្ដេជ្ញាចិត្តគោរពយ៉ាងម៉ឺងម៉ាត់តាមប្រសាសន៍ណែនាំ របស់មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print