ខេត្តស្ទឹងត្រែង: នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថ្មកែវ សហការជាមួយនគរបាលជំនាញ នៃអធិការដ្ឋាននគបាលស្រុកសៀមប៉ាង បានទទួលជនសង្ស័យម្នាក់ រួមនឹងវត្ថុតាង ថ្នាំញៀន៥កញ្ចប់ ពីកម្លាំងយោធាអន្តរាគមន៍ការពារព្រំដែន វរ:២៨៥ កងពលតូចអន្តរាគមន៍លេខ១២៨ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ការឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចវរ:សេនាតូចអន្តរាគមន៍ លេខ២៨៥ ស្ថិតក្នុងភូមិឡាកាយ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ កាលវេលាម៉ោង១៦,០២នាទី ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១។
បើតាមរបាយការណ៍របស់លោកជេម អេន អធិការនគរបាលស្រុកសៀមប៉ាង បានបញ្ចាក់ថា: ជនសង្ស័យខាងលើឈ្មោះសាយ សុខា (ហៅលុយ) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឡាកាយ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង រួមនឹងវត្ថុតាងថ្នាំងញៀនប្រភេទ(ICE) ចំនួន៥កញ្ចប់ ក្នុងនោះ៤កញ្ចប់តូច និង១កញ្ចប់ធំ។
របាយការណ៍បញ្ចាក់ទៀតថា: លោកបានទទួលជនសង្ស័យ រួមនិងវត្ថុតាងខាងលើនេះ ពីកម្លាំងយោធាការពារព្រំដែនអន្តរាគមន៍លេខ២៨៥ ចំណុះឲ្យអង្គភាពកងពលតូចអន្តរាគមន៍លេខ១២៨។ និងបញ្ចូនបន្តមកស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ក្រោមការសម្របសម្រួលពីលោកស៉ិន រក្សា ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងខេត្តស្ទឹងត្រែងផងដែរ៕
ដោយ:មាស សុផាត