ភ្នំពេញ, អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រសួងអប់រំ យុវជននិងកីឡា បានស្នើសូម លោក លោកស្រី ណែនាំដល់គ្រឹះស្ថានមត្តេយ្យសិក្សាគ្រប់ប្រភេទ និងសេវាអប់រំកុមារតូចពន្យារ ពេលសម្រាប់ដំណើរការរៀន និងបង្រៀនផ្ទាល់នៅតាមគ្រឹះស្ថានសិក្សា។ បន្ទាប់ពីកុមារអាយុ ៥ ឆ្នាំចាក់វ៉ាក់សាំង ការពារកូវីដ-១៩ រួច ក្រសួងនិងចេញលិខិតឱ្យគ្រឹះស្ថានសិក្សាបើកបង្រៀនសម្រាប់កុមារអាយុ ៥ឆ្នាំ។
នៅព្រលប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា, តបតាមខាងលើ ខ្ញុំសូមជម្រាប លោក លោកស្រីប្រធាន លោក លោកស្រីប្រធានមន្ទីអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ជ្រាបថា៖ អនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងស្នើសូម លោក លោកស្រីប្រធាន ណែនាំដល់គ្រឹះស្ថានមត្តេយ្យសិក្សាគ្រប់ប្រភេទ (មត្តេយ្យសិក្សា សាធារណៈ មត្តេយ្យសិក្សាឯកជន និងមត្តេយ្យសហគមន៍ និងសេវាអប់រំកុមារតូច ត្រូវពន្យារពេលសម្រាប់ ដំណើរការរៀន និងបង្រៀនដោយផ្ទាល់នៅតាមគ្រឹះស្ថានសិក្សា។ បន្ទាប់ពីកុមារអាយុ ៥ឆ្នាំបានចាក់វ៉ាក់សាំង ការពារកូវីដ-១៩ រួច ក្រសួងនឹងចេញលិខិតអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាបើកបង្រៀនសម្រាប់កុមារអាយុ៥ឆ្នាំ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រីប្រធាន មេត្តាផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់គ្រប់គ្រឹះស្ថានមត្តេយ្យសិក្សា និងសេវាអប់រំកុមារតូច តាមការគួរ ។សូម លោក លោកស្រីប្រធាន មេត្តាទទួលការរាប់អានដ៏ស្មោះពីខ្ញុំ៕
ដោយ, សិលា