ក្រុងប៉ោយប៉ែតៈ នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ សហការជាមួយកម្លាំងយោធាវរសេនាតូចការពារព្រំដែនគោកលេខ៥០៣ នៅវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ២០២១ បានឃាត់ខ្លួនជនជាតិ UGANDAN(យូហ្គានដាន)ម្នាក់ បានលួចឆ្លងដែនពីថៃចូលមកកម្ពុជា ត្រង់ចំណុចចន្លោះបង្គោលសីមាលេខ៣៧-៣៨ ក្នុងភូមិសាស្ត្រ ភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា៖នៅវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានសហការជាមួយកម្លាំងយោធាវរសេនាតូចការពារព្រំដែនគោកលេខ៥០៣ ដើរល្បាតតាមបន្ទាត់ព្រំដែន ប្រទះឃើញជនបរទេសម្នាក់ឈ្មោះ SHARIF AHMED ភេទប្រុសអាយុ៣៦ឆ្នាំ ជាជនជាតិ UGANDAN(យូហ្គានដាន) បានលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា ត្រង់ចំណុចចន្លោះបង្គោលសីមាលេខ៣៧-៣៨ ក្នុងភូមិសាស្ត្រ ភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ហើយក៏បានធ្វើការឃាត់ខ្លួន ហើយបញ្ជូនទៅការិយាល័យ នគរបាលអន្តោប្រវេសន៍ដើម្បីមានវិធានការបន្ត ។
បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ ឲ្យដឹងនៅព្រឹកថ្ងៃទី០៩ខែវិច្ឆិកានេះ ថា៖ជនជាតិ UGANDAN(យូហ្គានដាន)រូបនេះ ក្រោយពីនគរបាលការិយាល័យជំនាញធ្វើការសួរនាំនៅឡើយទេ ក្រោយពីសួរនាំរួចនឹងចាត់វិធានការតាមនីតិវិធី ៕ ដោយ វណ្ណា