តោះមកស្គាល់ សត្វ(រញីភ្លើង)ស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ និងស្ថិតក្នុងបញ្ជីឧបសម្ព័ន្ធ I នៃអនុញ្ញាសាយតេស 

ចែករំលែក៖

ភ្នំពេញ, លោក នេត ភក្រ្តា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅព្រលប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, រញីភ្លើងស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ និងស្ថិតក្នុងបញ្ជីឧបសម្ព័ន្ធ I នៃអនុញ្ញាសាយតេស។ សត្វរញីភ្លើងនេះក៏ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះលើពិភពលោក។ ប្រភេទសត្វនេះរងគ្រោះដោយការបរបាញ់ ការដាក់អន្ទាក់ និងការធ្វើអាជីវកម្ម។ សត្វរញីភ្លើងក៏រងគ្រោះដូចសត្វរញីប្រផេះដែរដោយសារតែពលរដ្ឋខ្លះមានជំនឿតៗគ្នាគ្មានលក្ខណៈវិទ្យាសាស្ត្រថាសត្វរញីអាចផ្សំជាថ្មីដើម្បីព្យាបាលជំងឺបាន។

លោកបន្តថា, បច្ចុប្បន្ននេះ គេមិនមានទិន្នន័យច្បាស់លាស់នៃចំនួនសត្វរញីភ្លើងនៅលើពិភពលោកទេ។ ចំណែកនៅក្នុង ប្រទេសកម្ពុជា ក៏មិនមានទិន្នន័យដែរ តែតាមការសិក្សា ចំនួនសត្វរញីភ្លើងនេះក៏ដូចជារញីប្រផេះដែរ គឺមានចំនួនថយចុះនៅលើពិភពលោក។ រញីភ្លើងត្រូវបានគេរកឃើញវត្តមាននៅក្នុងភាគខាងកើតទន្លេមេគង្គនៃប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តមណ្ឌលគិរី និងស្ទឹងត្រែង និងនៅតំបន់អាស៊ីអាគ្នេយ៍ កោះស៊ូមាត្រា និងបរណេអូ។

លោក នេត ភក្រ្តា បានលើកឡើងថា, សត្វរញីភ្លើងជាសត្វរាត្រីចរ រកស៊ីពេលយប់ និងដេកនៅពេលថ្ងៃតាមជំពានមែកឈើ។ វាស៊ីសត្វល្អិត សត្វស្លាប និងផ្លែឈើជាអាហារ។ រញីចូលចិត្តរស់នៅព្រៃស្រោង ព្រៃពាក់កណ្តលស្រោង និងចម្ការ ហើយជាសត្វចូលចិត្តរស់នៅតែឯកឯង។ សត្វរញីអាចបង្កើតកូនម្តងបានពីរ ហើយកូនរបស់វារស់នៅជាមួយមេពី ៦ ទៅ ៩ ខែ។

រញីភ្លើងមានរោមពណ៌ក្រហមត្នោតភ្លឺ និងមានលាយពណ៌ប្រាក់ពាសពេញលើខ្នង មានឆ្នូតត្នោតចាស់នៅលើខ្នង ហើយឆ្នូតនេះកើតមាន និងបាត់ទៅវិញទៅតាមរដូវ។ កាលនៅតូច ពុំមានឆ្នូតខ្នងទេ រោមពណ៌ក្រហមព្រឿងៗព័ទ្ធជុំវិញរង្វង់ផ្នែក និងមានភ្នែកធំៗពណ៌ត្នោត។ វាមានរោមខ្លីក្រាស់ពណ៌សនៅលើថ្ពាល់ និងមានរោមខ្លីក្រាស់ពណ៌សនៅលើថ្ពាល់ និងមានរោមពណ៌សនៅខ្ទង់ច្រមុះ ហើយដោយឡែកនៅរង្វង់ភ្នែកមានរោមពណ៌ត្នោត៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print