ខេត្តសៀមរាប៖ យ៉ាងហោចណាស់ក៏មានមនុស្ស ចំនួន២នាក់ បានស្លាប់បាត់បង់ ជីវិតភ្លាមៗ ក្នុងហេតុការណ៍ គ្រោះថ្នាក់ក្រឡាប់គោយន្ដកន្រ្ដៃដឹកឈើធ្លាក់ចូលប្រឡាយទឹកសង្កត់លើ។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៥ព្រឹកថ្ងៃទី ៧ខែមេសាឆ្នាំ២០១៦ស្ថិតនៅ ភូមិស្រិត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សាក្សីបានអោយដឹងថា ជនរងគ្រោះនោះបានបើកមកពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏ក្រឡាប់ថ្ងារជើងឡើងលើ ដោយហើយបានសង្កត់មនុស្សពីរនាក់ស្លាប់តែម្ដង។
លោក សុខ ប៊ុនរ៉ុង នាយផ្នែកចរាចរណ៍ ស្រុកប្រាសាទបាគងបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង២នាក់នោះ មាន ទី១ ឈ្មោះ ស៊ូ សុន អាយុ១៩ឆ្នាំ ទី២ ឈ្មោះ រ៉ូ រើន អាយុ៣៧ឆ្នាំ អ្នកទាំង២នាក់ មានទីលំនៅក្នុងភូមិ ជប់លើ ឃុំស្វាយលើ ស្រុក ស្វាយលើ ខេត្ត សៀមរាប បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារបើកគោយន្តកន្ត្រៃរបស់ខ្លួនធ្លាក់ចូលប្រឡាយសង្កត់ជនរងគ្រោះទាំងនោះ។ លោកបានបន្តថា តាមការសន្និដ្ឋាន ករណីនេះអាច បណ្ដាលមក ពីអ្នកបើកបរ មានអាការះ ងងុយដេក ទើបមាន ហេតុការណ៍ នេះកើតឡើង។ ក្រោយពីធ្វើការវាស់វែងរួចសាកសព ត្រូវបានសមត្ថកិច្ចនគរបាលជំនាញប្រគល់ ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាម ប្រពៃណី។
បច្ចុប្បន្ន គោយន្តត្រូវបានកម្លាំងជំនាញនាំយកទៅរក្សាទុក នៅអធិការ ដ្ឋាននគរបាល ស្រុកប្រាសាទបាគង ចំណែក ឈើ ប្រគល់ឱ្យទៅ ជំនាញរដ្ឋបាល ព្រៃឈើ ដើម្បីរក្សាទុកដោះស្រាយទៅតាមផ្លូវច្បាប់៕
ដោយ៖ ជានិរន្ដរ៍